ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិ សែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងអំពីការខ្វះខាតទឹកសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋនៅ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្នុងនោះផងដែរក៏មានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន លោកមេភូមិ លោកមេឃុំ និងបងប្អូនប្រជាពលរដ្ឋនៅឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានធ្វើសេចក្ដីរាយការណ៍ពីស្ថានភាពប្រភពទឹកនៅភូមិឃុំក្ដុលសែនជ័យ ឯកឧត្ដមរដ្ឋលេខាធិការ ក៏ធ្វើដំណើរបន្តចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពស្រះសហគមន៍ និងអណ្តូងទឹកជូនប្រជាពលរដ្ឋ ហើយពិនិត្យឃើញថា ស្រះសហគមន៍មានការរីងទឹក បណ្តាលឲ្យខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងអណ្តូងទឹកមានការរីងស្ងួត ដែលបណ្តាលមកពីបញ្ហាអាកាសធាតុប្រែប្រួលនោះ។
ឯកឧត្ដមរដ្ឋលេខាធិការ បានផ្ដល់ជាអនុសាន៍ដល់ក្រុមការងារបច្ចេកទេសមន្ទីរឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយ និងស្វែងរកប្រភពទឹកដើម្បីចែកជូនប្រជាពលរដ្ឋបន្ទាន់ក្នុងស្ថានភាពដែលពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ៕