(ភ្នំពេញ)៖ នាល្ងាចថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister, Inc និងគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្ដីពីការពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញអង្ករកម្ពុជាសម្រាប់ចែកចាយក្នុងទីផ្សារអាមេរិក។
ជាកិច្ចចាប់ផ្តើម លោកអនុប្រធានប្រតិបត្តិក្រុមហ៊ុន បានសម្តែងនូវមោទនភាព និងការពេញចិត្តនូវភាពរីកចម្រើនជារួមរបស់កម្ពុជាដែលខុសប្លែកពីអ្វីដែលលោកធ្លាប់បានទទួលព័ត៌មាននៅខាងក្រៅ។ លើសពីនេះលោកបានធ្វើការកត់សម្គាល់ និងកោតសរសើរទៅលើកសិកម្មកម្ពុជា ជាពិសេសផលិតផលអង្ករដែលធានាបាននូវគុណភាព និងបរិមាណដែលទទួលយកបាន។
ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុននាំចេញអង្ករធំៗទាំង ១៦ ដែលជាសមាជិករបស់សហព័ន្ធធ្វើការដោយផ្ទាល់ជាមួយក្រុមហ៊ុន Otis McAllister ដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងបញ្ជាទិញអង្ករកម្ពុជាចូលទៅផ្សារសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខ។