fbpx

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លើកទឹកចិត្តឱ្យក្រុមហ៊ុន វ័នរ៉ូដគ្រុប របស់ប្រទេសចិន បន្តប្រកាន់ខ្ជាប់នូវគោលគំនិតនៃការបង្កើតថ្មី និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងរួមចំណែកបន្ថែមទៀតដល់ឧស្សាហកម្មបៃតងរបស់កម្ពុជា

អត្ថបទដោយ រាជ មេសា
90 views

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មានបានលើកទឹកចិត្តឱ្យក្រុមហ៊ុន វ័នរ៉ូដគ្រុប របស់ប្រទេសចិន បន្តប្រកាន់ខ្ជាប់នូវគោលគំនិតនៃការបង្កើតថ្មី និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងរួមចំណែកបន្ថែមទៀតដល់ឧស្សាហកម្មបៃតងរបស់ប្រទេសកម្ពុជា។ នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត ZEEKR(ហ្ស៊ីគ) របស់ក្រុមហ៊ុនវ័នរ៉ូដគ្រុប ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាទើបបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយានយន្តអគ្គិសនី ២០២៤-២០៣០ ដើម្បីជំរុញគាំទ្រការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងការប្រើប្រាស់រថយន្តអគ្គីសនី។ ឯកឧត្តមបានបញ្ជាក់ថា យោងតាមតួលេខរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការចុះបញ្ជីយានយន្តអគ្គិសនី មានការកើតឡើងជារៀងរាល់ថ្ងៃ ដោយគិតមកដល់ ពេលនេះ ការចុះបញ្ជីផ្លូវការមានចំនួនសរុបជិត ៣ ០០០ គ្រឿង។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តន៍ «យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូន»ដើម្បីការកាត់បន្កយការបញ្ចេញឧស្ម័នពីវិស័យថាមពល ការដឹកជញ្ជូន ការលើកកម្ពស់ប្រសិទ្ធភាពថាមពល និងចូលរួមបង្កើនការងារបន្ថែមប្រមាណ ៤៤៩ ០០០កន្លែងនៅឆ្នាំ២០៥០ ។

ឯកឧត្តម រដ្ឋមន្ត្រី ថ្លែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន វ័នរ៉ូដគ្រុប ដែលបានបោះជំហានដ៏សំខាន់មួយទៀតនៅក្នុងទីផ្សាររថយន្តនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យាសកល ឧស្សាហកម្មរថយន្តក៏កំពុងមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ជាពិសេស រថយន្តដែលប្រើបច្ចេកវិទ្យាឆ្លាតវៃ និងប្រើប្រាស់ថាមពលថ្មី ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ជាទូទៅជុំវិញពិភពលោក ក្នុងនោះក៏មានរថយន្ត ZEEKR (ហ្ស៊ីគ) នេះផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី ចាត់ទុករថយន្តនេះ មិនត្រឹមតែអាចកាត់បន្ថយការប្រើប្រាស់លើឥន្ធនៈហ្វូស៊ីល និងកាត់បន្ថយការបំភាយឧស្ម័នកាបូនប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត វាក៏រួមចំណែកនៅក្នុងការពង្រីកមធ្យោបាយធ្វើដំណើរបៃតងនៅកម្ពុជា និងពិភពលោកផងដែរ។ ឯកឧត្តម រដ្ឋមន្រ្តីជឿជាក់ថា នាពេលអនាគត ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗនឹងពិចារណាប្តូរ មកប្រើប្រាស់រថយន្តអគ្គិសនី និងចូលរួមថែរក្សាបរិស្ថានដូចជារថយន្ត ZEEKR(ហ្ស៊ីគ)នេះ ។

តាមរយៈការសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញ របស់ ZEEKR (ហ្ស៊ីគ)អូតូ នៅកម្ពុជានាពេលនេះ ឯកឧត្តម រដ្ឋមន្ត្រីបានបន្ថែមថា ការមកដល់របស់ ZEEKR (ហ្ស៊ីគ) នឹងធ្វើឱ្យទីផ្សាររថយន្តថ្មីនៅកម្ពុជាកាន់តែមានភាពសម្បូរបែប និងចូលរួមជំរុញការអភិវឌ្ឍវិស័យរថយន្តថាមពលថ្មីឱ្យកាន់តែរីកចម្រើនខ្លាំងឡើង រួមទាំងផ្តល់ឱ្យប្រជាជនកម្ពុជានូវជម្រើសថ្មីៗ និងប្រកបដោយភាពទំនើបក្នុងការធ្វើដំណើរ។

បើតាមការបញ្ជាក់របស់ លោក Kevin Luo នាយកប្រតិបត្តិ និងជាស្ថានិកក្រុមហ៊ុន Oneroad Group (Cambodia) Co., Ltd. បានឱ្យដឹងថា ZEEKR (ហ្ស៊ីគ) គឺជាម៉ាកយីហោថ្មីមួយ ការរចនាបទរបស់ ZEEKR គឺជាការប្រើបច្ចេកវិទ្យាថ្មីចុងក្រោយគេបង្អស់ប្រកបដោយភាពឆ្នៃប្រឌិត ដើម្បីបង្កើតបទពិសោធន៍ជីវិតក្នុងការធ្វើដំណើរ និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងយុគសម័យថ្មីសម្រាប់ការធ្វើដំណើរដ៏ប្រណិត ។ លោកបន្តថា ចាប់តាំងពីការបង្កើតម៉ាកនេះក្នុងឆ្នាំ២០២១ ក្រុមហ៊ុនបានបើកដំណើរការចំនួន ៥ ម៉ូឌែល ហើយមកដល់ពេលនេះ បរិមាណចែកចាយទូទាំងពិភពលោករបស់ក្រុមហ៊ុនមានជាង ២៨ មុឺនគ្រឿង ដែលបង្កើតកំណត់ត្រាសម្រាប់ការចែកចាយលឿនបំផុតនៃម៉ាករថយន្តអគ្គិសនីរបស់ប្រទេសចិន ។

សូមជម្រាបជូនថា នៅសប្តាហ៍មុន ZEEKR ត្រូវបានចាប់ផ្តើមលក់ចែកចាយជាផ្លូវការនៅក្នុងប្រទេសថៃ ។ អស់រយៈពេលពាក់កណ្តាលឆ្នាំនេះ បានចូលទីផ្សារប្រទេសឡាវ មីយ៉ាន់ម៉ា និងហ្វីលីពីន ហើយពាក់កណ្តាលឆ្នាំនេះ ត្រូវបានដាក់លក់នៅក្នុងប្រទេសកម្ពុជា សិង្ហបុរី ម៉ាឡេសុី ឥណ្ឌូណេសុី និងវៀតណាម៕

អត្ថបទពាក់ព័ន្ធ