ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធាន គ.គ.ហ. រួមជាមួយលោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការ SwissContact បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍កម្រិត ២ សញ្ញាបត្រវិជ្ជាជីវៈ១ លើជំនាញការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដោយមានការចូលរួមពីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា សមាគមឧស្សាហកម្មទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ វិស័យឯកជន និងអ្នកជំនាញទេសចរណ៍សរុបចំនួន ៦០រូប។
ការរៀបចំគុណវុឌ្ឍិជាតិទេសចរណ៍នេះ នឹងផ្តល់នូវច្រកសិក្សា និងការទួលស្គាល់ជំនាញច្បាស់លាស់កម្រិតជាតិ ដល់អ្នកជំនាញទេសចរណ៍កម្ពុជា ហើយអាចចាប់យកការសិក្សា ឬវាយតម្លៃកម្រិតកាន់តែខ្ពស់រហូតទទួលបាន វិញ្ញាបនបត្រសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបើកផ្លូវសិក្សាពេញមួយជីវិតដល់យុវជនកម្ពុជា ជាពិសេសគាំទ្រដល់ យុទ្ធសាស្ត្របណ្តុះបណ្តាវិជ្ជាជីវៈដល់យុវជន ១.៥លាន់នាក់ របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះផងដែរ។
ដើម្បីសម្រេចបានគុណវុឌ្ឍិដែលមានសង្គតិភាពថ្នាក់ជាតិក្រុមការងារបច្ចេកទេស ដឹកនាំដោយលោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. បានរៀបចំកិច្ចប្រជុំ និងសិក្ខាសាលាពិគ្រោះយោបល់ចំនួន ១៥លើក ដើម្បីរៀបចំឯកសារសំខាន់ៗរួមមាន៖ (១) កម្រងសមត្ថភាព (Competency Profile) (២) ស្តង់ដាសមត្ថភាព (Competency Standards) (៣) កម្មវិធីបណ្តុះបណ្តាលផ្អែកលើសមត្ថភាព និង (Competency Based Curriculum) និង(៤) កញ្ចប់វាយតម្លៃផ្អែកលើសមត្ថភាព (Competency Assessment Packages) ដោយទទួលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ។