fbpx

ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធរួមគ្នា “ការរៀបចំក្របខណ្ខគុណវុឌ្ឍិវិជ្ជាជីវៈទេសចរណ៍” ដើម្បីបើកច្រកសិក្សាពេញមួយជីវិត (Lifelong Learning) ដល់អ្នកជំនាញទេសចរណ៍!

អត្ថបទដោយ រាជ មេសា
132 views

(រាជធានីភ្នំពេញ)៖ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ បានអញ្ជើញជាធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ “ក្របខណ្ឌគុណវុឌ្ឍិវិជ្ជាជីវៈទេសចរណ៍” ដោយមានការចូលរួមពីលោកជំទាវនាយិកា វិទ្យាស្ថានជាតិទេសចរណ៍ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា តំណាងសាលាជាតិទេសចរណ៍ សមាគមឧស្សាហកម្មទេសចរណ៍ សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា សមាគមសហព័ន្ទទេសចរណ៍និងបដិសណ្ឋារកិច្ចកម្ពុជា សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ គ្រឹះស្ថានឧត្តមសិក្សា គ្រូបង្គោលជាតិនិងអាស៊ាន និងអ្នកជំនាញទេសចរណ៍សរុបចំនួន ៦០រូប។

ឯកឧត្តមរដ្ឋលេខាធិការ វាយតម្លៃខ្ពស់ចំពោះដំណើរការរៀបចំក្របខណ្ឌគុណវុឌ្ឍិវិជ្ជាជីវៈទេសចរណ៍ប្រកបដោយមោទភាព គុណភាព ប្រសិទ្ធភាព និងកិច្ចសហប្រតិបត្តិការខ្ពស់ ពីអ្នកជំនាញការ និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការជួយជ្រោមជ្រែង និងប្រើប្រាស់កំលាំងកាយចិត្ត និងពេលវេលា ដើម្បីផ្តល់ជាធាតុចូល និងអនុសាសន៍ល្អៗប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្នុងដំណើរការរៀបចំឯកសារក្របខណ្ខគុណវុឌ្ឍិវិជ្ជាជីវៈទេសចរណ៍ ។ ក្របខណ្ឌគុណវុឌ្ឍិវិជ្ជាជីវៈទេសចរណ៍ ជាធាតុសំខាន់ចាំបាច់មួយនៅក្នុងប្រព័ន្ធបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងធានាឲ្យបានសង្គតិភាព នៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ក្នុងវិស័យទេសចរណ៍កម្ពុជា។ ឯកឧត្តមក៏បានគូសបញ្ចាក់ពីចក្ខុវិស័យរបស់ក្រសួងទេសចរណ៍គឺ “ដើម្បីរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាព និងភាពធន់នៃកម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ឈានមុខប្រកបដោយភាពសម្បូរបែបពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ” និងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន ៥ អភិវឌ្ឍ៣” ឬហៅកាត់ថា“BUILD + 3Ds” ដែលកំពុងដើរតួរនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនវិស័យទេសចរណ៍កម្ពុជាបច្ចុប្បន្នក្នុងអាណត្តិរបស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានវាយតម្លៃតម្រូវការកម្លាំងពលកម្មជំនាញទេសចរណ៍ប្រមាណចំនួន១៨ម៉ឺននាក់នៅឆ្នាំ២០២៥ខាងមុខ ខណៈពេលអ្នកជំនាញបច្ចុប្បន្នតាមត្រឹមតែ៤៥ម៉ឺននាក់ នៅឆ្នាំ២០២៣ ដែលត្រូវទាមទាឱ្យមានការបណ្តុះបណ្តាលអ្នកជំនាញថ្មី ព្រមទាំងពង្រឹងសមត្ថភាពបុគ្គលិកដែលកំពុងបម្រើការងារបច្ចុប្បន្នផងដែរ ដើម្បីឆ្លើយតបទៅនឹងកំណើនទេសចរនៅថ្ងៃខាងមុខផងដែរ។ លោកបានគូសបញ្ជាក់ពីវឌ្ឍនភាពវិស័យសេវាកម្មស្នាក់នៅ ដែលជាប្រភពបណ្តុំការងាររបស់អ្នកជំនាញទេសចរណ៍ យើងឃើញថា នៅឆ្នាំ២០១៩ មានសណ្ឋាគារសរុបចំនួន ១,០៤៤ ស្នើនឹង ៤៨,៧៩១បន្ទប់ និងផ្ទះស្នាក់ចំនួន ២,៦៤៣ ស្នើនឹង ៣៤,៩៥៧បន្ទប់ ហើយមានការថមថយមកត្រឹមចំនួន ៨៤១ សណ្ឋាគារ ស្នើនឹង ៤៧, ៦៥៥បន្ទប់ និងចំនួន ២,៣១១ ផ្ទះសំណាក់ស្នើនឹង៣២,៤៩៣បន្ទប់ ត្រឹមឆ្នាំ២០២៣។

បញ្ហាកង្វះសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៅតែជាបញ្ហាប្រឈមមួយ ដែលបានលើកឡើងក្នុងសិក្ខាសាលា ចំពោះការបណ្ដុះបណ្ដាល និងផ្គត់ផ្គង់ជំនាញទេសចរណ៍ផងដែរ។ បច្ចុប្បន្ន មានតែសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ និងកម្មវិធីបណ្តុះបណ្តាលពេញម៉ោង ដែលដំណើរការដោយអង្គការជាតិ-អន្តរជាតិ សមាគមឧស្សាហកម្មទេសចរណ៍មួយចំនួនប៉ុណ្ណោះ ដែលកំពុងធ្វើការបណ្ដុះបណ្ដាលអ្នកជំនាញបានប្រមាណ ១,៥០០នាក់ក្នុងមួយឆ្នាំ។ ជាផ្នែកមួយនៃដំណោះស្រាយ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍បង្កើតសាលាជាតិទេសចរណ៍ចំនួន០២ សាលា នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្រោមកិច្ចសហប្រតិបត្តិការឥណទានរបស់ទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD) ហើយមានសមត្ថភាពបណ្ដុះបណ្ដាលកម្លាំងពលកម្មថ្មីបានប្រមាណ៣៤០ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤ តទៅ បើតាមការគ្រោងទុក។

ការរៀបចំអភិវឌ្ឍ “ក្របខណ្ឌគុណវុឌ្ឍិវិជ្ជាជីវៈទេសចរណ៍ គឺជាផែនទីបង្ហាញផ្លូវគ្រប់ជ្រុងជ្រោយដល់គ្រឹះស្ថាន និងស្ថាប័នផ្តល់សេវាអប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីរៀបចំគុណវុឌ្ឍិបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ ឱ្យបានសមស្របតាមតម្រូវការទីផ្សារការងារ និងជំនាញវិជ្ជាជីវៈ ព្រមទាំងមានការទទួលស្គាល់ប្រកបដោយសង្គតិភាពពីស្ថាប័នពាក់ព័ន្ធ សមាគមឧស្សាហកម្មទេសចរណ៍ វិស័យឯកជន សំដៅលើកម្ពស់ជំនាញវិជ្ជាជីវៈ និងបើកច្រកសិក្សាពេញមួយជីវិតដល់យុវជន (Lifelong Learning)។

អត្ថបទពាក់ព័ន្ធ