fbpx

កញ្ញា ប៊ុន សៅសុភនាថ សហស្ថាបនិក “ដុះស្លាប” បណ្តាញផ្សព្វផ្សាយសង្គម និយាយអំពីសុខភាពផ្លូវភេទ និង សុខភាពបន្តពូជ

អត្ថបទដោយ រាជ មេសា
389 views

កញ្ញា ប៊ុន សៅសុភនាថ ជាសហស្ថាបនិក “ដុះស្លាប” ដែលជាប្រព័ន្ធផ្សព្វផ្សាយអំពីការអប់រំសុខភាពស្រ្តី និង សុខភាពផ្លូវភេទ។ សុភនាថ បញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ ពីសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។ ផ្តើមដោយការចាប់អារម្មណ៍អំពីចំណេះដឹងផ្នែករូបរាងកាយរបស់ខ្លួន សុភនាថ មានគំនិតមួយចង់បង្កើតប្រព័ន្ធផ្សព្វផ្សាយមួយដែល កញ្ញា អាចចែករំលែកចំណេះដឹងផ្នែកសុខភាពស្រ្តី និង សុខភាពផ្លូវភេទ ទៅកាន់មនុស្សជាច្រើនទៀត ជាពិសេសចំពោះស្ត្រីតែម្តង។

ដុះស្លាប នាពេលបច្ចុប្បន្នមានក្រុមការងារចំនួន ៥នាក់​ ដែលកំពុងបង្កើតមាតិកា នានាទាក់ទងនឹងសុខភាពស្រ្តី និង សុខភាពផ្លូវភេទ ដើម្បីបង្ហោះទៅកាន់បណ្តាញសង្គម។ តាមការអោយដឹងពី សុភនាថ មូលហេតុចំបងដែលជំរុញកញ្ញា អោយមានចិត្តចង់បង្កើតដុះស្លាប គឺដោយសារតែកញ្ញា មើលឃើញថា យុវវ័យ ជាពិសេសយុវតី​ គឺចំណេះដឹងផ្នែកសុខភាពស្រ្តី និង សុខភាពផ្លូវភេទ គឺមិនសូវជាទូលំទូលាយនៅឡើយ ដោយសារតែមានការខ្មាសអៀនជាដើម។ កញ្ញា បន្តថា ការចាប់ផ្តើម ដុះស្លាប មានឧបសគ្គតិចតួច ដោយសារតែរាល់វីដេអូរបស់ ដុះស្លាប គឺត្រូវមានការច្នៃប្រឌិតខ្ពស់សម្រាប់ការបង្កើតវីដេអូនីមួយៗ។

ដុះស្លាប ក៏កំពុងត្រូវការជំនួយផ្សេងៗ ពីអង្គការ ក្រសួងពាក់ព័ន្ធ និង ជំនួយផ្នែកថវិកា ដើម្បីអាចវិវត្តន៍ខ្លួនកាន់តែធំ និងអាចមានលទ្ធភាពផលិតវីដេអូកាន់តែច្រើន ប្រកបដោយការច្នៃប្រឌិត កាន់តែច្រើនឡើងថែមមួយកម្រិតទៀត។

ជាចុងក្រោយ កញ្ញា សុភនាថ ក្នុងនាម ជាសហស្ថានិកមួយរូបរបស់ ដុះស្លាប បានអំពាវនាវអោយយុវវ័យទាំងអស់ ឈប់មានការខ្មាសអៀនអំពីការជជែក អំពីសុខភាពផ្លួវភេទ និង សុខភាពបន្តពូជ ព្រោះនេះជាចំណេះដឹងសំខាន់ដែលមិនអាចខ្វះបាននៅក្នុងការស់នៅប្រចាំថ្ងៃ។ កញ្ញា បន្តថា បើសិនជាមានចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងចំណេះដឹងដែលបានរៀបរាប់ខាងលើ អាចទាក់ទងផ្ទាល់មកកាន់ ទំព័រហ្វេសប៊ុកផ្លូវការរបស់ ដុះស្លាប បានផងដែរ៕

អត្ថបទពាក់ព័ន្ធ