ក្រុមហ៊ុន Mitsubishi ទើបបានបញ្ចេញរថយន្តថ្មីរបស់ខ្លួនដែលជាប្រភេទ ឡានភីកអាប់ ដែលមានរូបរាងស្អាត ទំនើបទាន់សម័យ បំពាក់ដោយបច្ចេកវិទ្យាទំនើប។ ឡានភីកអាប់របស់ Mitsubishi គឺជាម៉ូដែល Trition ស៊េរីថ្មី ដែលផលិតនៅក្នុងប្រទេសថៃ។
រថយន្ត Mitsubishi Triton ត្រូវបានផលិតនៅក្នុងប្រទេសថៃ និង ត្រៀមចែកចាយទៅកាន់ទីផ្សារចំនួន 100 នៅលើពិភពលោក ដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និង តំបន់អូសេអានី។ ក្រោយបាត់វត្តមានអស់ 12 ឆ្នាំ ឡាន Triton នឹងត្រូវបានដាក់នៅក្នុងប្រទេសជប៉ុន ចាប់ពីដើមឆ្នាំ 2024។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន Mitsubishi។
Mitsubishi Triton ស៊េរីថ្មី ប្រើប្រភេទម៉ាស៊ីនម៉ាស៊ូត ទំហំ 2.4 លីត្រ ជាមួយប្រអប់លេខ 6 ល្បឿន និងអាចបង្កើតកម្លាំងបាន 181សេះ។ រថយន្តនេះក៏បានបំពាក់នូវបច្ចេកវិទ្យា Active Yaw Control ដែលជួយដល់ប្រព័ន្ធហ្វ្រាំងខាងមុខឱ្យកាន់តែមានសុវត្ថិភាព។ តាមការបញ្ជាក់ពី Mitsubishi បានឱ្យដឹងថា រថយន្តភីកអាប់ Triton ជំនាន់ទី 6នេះ ត្រូវបានរចនាម៉ូតខាងក្នុងឱ្យមានលក្ខណៈជា Beast Mode ដែលផ្តល់នូវផាសុកភាពដល់អ្នកប្រើប្រាស់ និង បំពាក់ដោយបច្ចេកវិទ្យាទំនើបទាន់សម័យ។
ក្រុមហ៊ុន Mitsubishi មានគម្រោងផលិតរថយន្ត Trition ស៊េរីថ្មីនេះឱ្យបាន 2 សែនគ្រឿង សម្រាប់ផ្គត់ផ្គង់ទៅដល់អតិថិជនរបស់ខ្លួន។ ឡានភីកអាប់នេះ ត្រូវបាន ក្រុមហ៊ុនដាក់លក់ដែលមានតម្លៃចាប់ពីជាង 30000 ដុល្លារ ទៅដល់ ជាង 50000 ដុល្លារ នៅទីផ្សារក្រៅស្រុក៕