fbpx

បេសកកម្មឋានព្រះច័ន្ទរបស់រុស្សី បរាជ័យ ក្រោយយានអវកាស Luna-25 ចុះចតមិនបានជោគជ័យ

អត្ថបទដោយ ពិទូ
153 views

យានអវកាស Luna-25 របស់រុស្ស៊ី បានធ្លាក់ចូលទៅក្នុងឋានព្រះច័ន្ទ បន្ទាប់ពីគម្រោងនៃការចង់ចុះចតលើប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ត្រូវទទួលរងបរាជ័យ។ នេះ​ជា​បេសកកម្មទៅកាន់ឋាន​ព្រះច័ន្ទលើក​ដំបូង​របស់​រុស្ស៊ី​ក្នុង​រយៈពេល​ជិត 50​ឆ្នាំមកនេះ។

យាននេះគឺដោយសារតែជាលើកដំបូង ហើយមិនធ្លាប់ដែលបានចុះចតនៅលើប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ទ ប៉ុន្តែបានបរាជ័យបន្ទាប់ពីជួបប្រទះបញ្ហានៅពេលដែលវាបានផ្លាស់ទីទៅក្នុងគន្លង មុនការចុះចតរបស់វា។ យាន្តរបស់រុស្សីនេះ ត្រូវបានគេកំណត់ដើម្បីរុករកផ្នែកមួយនៃឋានព្រះច័ន្ទ ដែលអ្នកវិទ្យាសាស្ត្រគិតថាអាចផ្ទុកទឹកកក និងធាតុដ៏មានតម្លៃ។

Roscosmos ដែលជាអវកាសរដ្ឋរបស់រុស្ស៊ីបាននិយាយនៅព្រឹកថ្ងៃអាទិត្យថា ខ្លួនបានបាត់បង់ការទាក់ទងជាមួយយាន Luna-25 ភ្លាមៗបន្ទាប់ពីម៉ោង 14:57 រសៀល កាលពីថ្ងៃសៅរ៍។

ប្រភពខាងលើបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរកឃើញបឋមបានបង្ហាញថា យានចុះចតដែលមានទម្ងន់ 800 គីឡូក្រាម “បានឈប់ ហើយនេះជាលទ្ធផលនៃការប៉ះទង្គិចជាមួយផ្ទៃព្រះច័ន្ទ” ។ អវកាសរដ្ឋរបស់រុស្សី បាននិយាយថាគណៈកម្មាការពិសេសមួយនឹងពិនិត្យមើលថាហេតុអ្វីបានជាបេសកកម្មបរាជ័យ។

ប្រទេសរុស្ស៊ីកំពុងប្រជែងគ្នាទៅកាន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ជាមួយនឹងប្រទេសឥណ្ឌា ដែលយានអវកាស Chandrayaan-3 គ្រោងនឹងចុះចតនៅទីនោះក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ហើយបញ្ជូនយានរុករកដើម្បីរុករកថ្ម និងរណ្ដៅនានា ដោយប្រមូលទិន្នន័យ និងរូបភាពដើម្បីបញ្ជូនត្រឡប់មកផែនដីវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យរបស់ទីភ្នាក់ងារអវកាសឥណ្ឌា Isro បានពណ៌នាការធ្លាក់យាន Luna-25 ថាជា “អកុសល” ។ពួកគេបានប្រាប់ BBC ថា “រាល់បេសកកម្មក្នុងលំហគឺមានគ្រោះថ្នាក់ និងត្រូវការបច្ចេកទេសខ្ពស់។ វាជារឿងអកុសលដែល Luna-25 បានធ្លាក់” ។

អវកាសរដ្ឋរុស្សី Roscosmos បានទទួលស្គាល់ថាបេសកកម្ម Luna-25 គឺមានគ្រោះថ្នាក់ ហើយអាចបរាជ័យ។ យាននេះបានបាញ់បង្ហោះចេញពី Vostochny Cosmodrome ក្នុងតំបន់ Amur ភាគខាងកើតនៃប្រទេសរុស្ស៊ី កាលពីថ្ងៃទី 11 ខែសីហា ហើយបន្ទាប់មកបានចូលដល់គន្លងរបស់ព្រះច័ន្ទដោយជោគជ័យនៅថ្ងៃពុធ កាលពីសប្តាហ៍មុន។

Luna-25 គឺជាបេសកកម្មឋានព្រះច័ន្ទដំបូងរបស់រុស្ស៊ីចាប់តាំងពីឆ្នាំ 1976 នៅពេលដែលវាជាផ្នែកមួយនៃសហភាពសូវៀត។ បេសកកម្មនៅពេលនោះមានឈ្មោះថា Luna-24 ហើយបានចុះចតដោយជោគជ័យលើឋានព្រះច័ន្ទ៕

A Soyuz-2.1b rocket booster with a Fregat upper stage and the lunar landing spacecraft Luna-25 blasts off from a launchpad at the Vostochny Cosmodrome in the far eastern Amur region, Russia, August 11, 2023. Roscosmos/Vostochny Space Centre/Handout via REUTERS

អត្ថបទពាក់ព័ន្ធ