យុវជនប្រមាណជាង៣០០នាក់បានរួមគ្នាជិះកង់ ធ្វើយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់ អំពើហិង្សាលើស្ដ្រី និងក្មេងស្រី ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការទប់ ស្កាត់អំពើហិង្សាលើស្ដ្រី និងក្មេងស្រី ដែលរៀបចំដោយ អង្គការមជ្ឈមណ្ឌលស្ដ្រី។
ការធ្វើយុទ្ធនា១៦ថ្ងៃ បានធ្វើឡើងនៅវិទ្យាល័យអង្គរ នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដោយបានជិះកង់ចេញពីវិទ្យាល័យតាមដងផ្លូវសំខាន់ៗជាច្រើន ឆ្ពោះទៅកាន់ទីប្រ ជុំជនសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប។
លោកស្រី ឃឹម ពិសី នាយិកា អង្គការមជ្ឈមណ្ឌលធនធានស្ដ្រី មានប្រសាសន៍ថា អំពើហិង្សាលើស្ត្រី លើក្មេងស្រី និងលើកុមារគ្រប់ទម្រង់ គ្រប់រូបភាពនៅតែបន្ត កើតមានឡើងទៅលើពួកគាត់ ដែលរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ អង្គការសង្គម ស៊ីវិលជាច្រើនបានរួមគ្នាផ្សព្វផ្សាយទប់ស្កាត់ អន្តរាគមន៍ ដើម្បីលុបបំបាត់ អំពើហិង្សាដែលត្រូវការមនុស្សគ្រប់គ្នារួមគ្នានិងយកចិត្តទុកដាក់។
លោកស្រីបន្ថែមថា តួនាទីយេនឌ័រដែលមានលក្ខណៈជាវប្បធម៌នៅឡើយ ដោយដាក់បន្ទុកយ៉ាងធ្ងន់ទៅលើស្ត្រី ជាទិដ្ឋភាពដែលគេអាចមើលឃើញលើបញ្ហាចំពោះស្ត្រី និងក្មេងស្រីគឺ៖ ១. វិសមភាពការងារក្នុងផ្ទះសម្បែង និងសហគមន៍, ២. អំពើហិង្សាក្នុងគ្រួសារ, ៣.ភាពភ័យខ្លាចរបស់ក្មេងស្រី ក្នុងការដើរចល័តតាមសហគមន៍ និងទីសាធារណៈ, ៤. ឧបសគ្គមួយចំនួនដែលរារាំងស្ត្រី ក្នុងការទទួលបានព័ត៌មាន និងសេវាសង្គម និង៥. ស្ត្រីចូលរួមក្នុងភាពជាអ្នកដឹកនាំក៏នៅមានចំនួនតិចនៅឡើយ។
លោកស្រីបន្ដថា យុទ្ធនាការនេះឆ្នាំនេះយើងធ្វើឡើងដើម្បី៖ បង្កើនការយកចិត្ត ទុកដាក់របស់យុវជន និងអ្នកពាក់ព័ន្ធចូលរួមទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រ។ លើកកម្ពស់ឥរិយាបថវិជ្ជមានរបស់បុគ្គល និងសហគមន៍ ធ្វើជាគំរូល្អ ដើម្បីលុបបំបាត់អំពើហិង្សាគ្រប់ទម្រង់ប្រមូលមតិយោបល់ជុំវិញការយល់ឃើញ និងការ ប្តេជ្ញាចិត្តរបស់យុវជន អាជ្ញាធរពាក់ព័ន្ធក្នុងបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។
លោកស្រីជំរុញឱ្យមានការមានការចូលរួម និងគិតគូរដល់មនុស្សគ្រប់ៗរូប ជាពិសេសស្ត្រី ក្មេងស្រី និងកុមារ ដែលរឿងទាំងអស់នេះគឺចាប់ផ្តើមពីយើងទាំងអស់គ្នា អាណាព្យាបាល ព្រមទាំងកុមារី និងស្ត្រីវ័យក្មេងខ្លួនឯងផ្ទាល់ផងដែរ។
លោកស្រី យូ សុភា អភិបាលរងខេត្ដសៀមរាប មានប្រសាន៍ថា អំពើហិង្សា នៅក្នុងគ្រួសារ និងការរំលោភបំពានផ្លូវភេទលើស្ត្រី និងក្មេងស្រី កំពុងតែកើតមានស្ទើររាល់ថ្ងៃ និងគ្រប់ទីកន្លែង ហើយអំពើហិង្សាទាំងនេះ កើតឡើងមានគ្រប់រូបភាពដែលធ្វើស្ត្រី និងកុមារី នៅតែបន្តជាកម្មវត្ថុនៃអំពើហិង្សាលើរូបរាងកាយ ផ្លូវចិត្ត ផ្លូវភេទ នៅក្នុងជីវភាព រស់នៅប្រចាំថ្ងៃ បើទោះបី ការចូលរួមលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារ បានធ្វើឡើង ជាបន្ដបន្ទាប់ក៏ដោយ។
លោកស្រីបន្ថែមថា យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី គឺជាយុទ្ធនាការរួមគ្នាមួយ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ។ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំយុទ្ធនាការនេះ ដើម្បីឱ្យប្រជាជន កម្ពុជាបានដឹងអំពីផលប៉ះពាល់ នៃអំពើហិង្សាលើស្ត្រី និងកុមារី និងការប្រយុទ្ធ ប្រឆាំងលើអំពើហិង្សានោះ ព្រមទាំងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ពីកាតព្វកិច្ចរបស់ ប្រជាពលរដ្ឋគ្រប់រូប និងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ដែលការពារ និងលុបបំបាត់នូវរាល់ទម្រង់ នៃការរើសអើងលើស្ត្រី និងកុមារ។
សូមរំលឹកថា យុទ្ធនាការ១៦ថ្ងៃ គឺជាយុទ្ធនាការដែលប្រឆាំងអំពើហិង្សាលើស្ត្រី និងក្មេងស្រី ហើយយុទ្ធនានាការនេះចាប់ផ្តើមឡើងនៅក្នុងឆ្នាំ១៩៩១ ដោយក្រុមបុរស ជនជាតិកាណាជាមួយក្រុម។ ក្រោយមកយុទ្ធនាការនេះ ត្រូវបានរៀបចំធ្វើឡើងនៅ គ្រប់ទីកន្លែងនៅលើពិភពលោក រហូតដល់ទិវានេះ បានក្លាយទៅជាទិវាអន្តរជាតិ ដែលអង្គការសហប្រជាជាតិ បានកំណត់ជាផ្លូវការនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩៩ ហើយ និងបានប្រកាសទទួលស្គាល់ថា ជាទិវាអន្តរជាតិលុបបំបាត់អំពើហិង្សាលើស្ត្រី តាមរយៈមហាសន្និបាទលើកទី៨៣ របស់អង្គការសហប្រជាជាតិ។ ក្នុងអំឡុងពេល នៃយុទ្ធនាការនេះ បូពណ៌សត្រូវបានបំពាក់ឱ្យប្រជាពលរដ្ឋ ជាពិសេស បុរសដែលជាសញ្ញា នៃការសន្យារបស់ពួកគេ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី។ ជាទូទៅ នៅថ្ងៃទី២៥ ខែវិច្ឆិកា ត្រូវបានគេចាត់ទុកថា ជាទិវាអន្តរជាតិនៃការសាមគ្គីភាពរបស់បុរសប្រឆាំង និងអំពើហិង្សា របស់បុរសលើស្ត្រី៕