លោក ថាច ថវិកា សព្វថ្ងៃជាម្ចាស់ក្រុមហ៊ុន WoT – Natural Khmer Moringa ម្រុំធម្មជាតិ។ WoT – Natural Khmer Moringa ជាក្រុមហ៊ុនអាហារបំប៉នសុខភាព ដែលផ្តោតសំខាន់លើអ្នកឈឺក្រពះ និង ឈឺឆ្អឹងខ្នង ដែលទទួលបានការគាំទ្រពីអតិថិជន ជាច្រើននាពេលកន្លងមក។
តាមលោក ថវិកា ដែលជាម្ចាស់ក្រុមហ៊ុន WoT – Natural Khmer Moringa បានអោយដឹងថា មូលហេតុចម្បងដែលជម្រុញចិត្តលោក បង្កើតក្រុមហ៊ុនអាហារបំប៉នសុខភាព បែបធម្មជាតិនេះ គឺដោយសារតែម្តាយ និង លោកយាយរបស់លោកមានបញ្ហាសុខភាពផ្នែកឆ្អឹងខ្នង ហើយក្រោយមករកឃើញថា រុក្ខជាតិមួយប្រភេទ មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលនោះ គឺម្រុំ។
ចាប់ផ្តើមដំបូង ជាអាជីវកម្មបែបគ្រួសារ និងក្រោយមកវិវត្តន៍មកជា អាជីវកម្មខ្នាតតូច ក្រុមហ៊ុនម្រុំធម្មជាតិក្នុងស្រុកមួយនេះ បានទាក់ទាញអតិថិជនមួយភាគធំ ដែលមានបញ្ហាសុខភាពក្រពះ និង ឆ្អឹងខ្នង ងាកមកប្រើប្រាស់អាហារបំប៉ន organic។ លោក ថវិកា បានអោយដឹងថា សព្វថ្ងៃ ក្រុមហ៊ុន WoT – Natural Khmer Moringa លក់ដាច់ខ្លាំងអាហារបំប៉នផ្នែកក្រពះ។
លោក ថវិកា បានអំពាវនាវអោយប្រជាជន យកចិត្តទុកដាក់ថែរក្សាសុខភាពទាំងផ្លូវកាយ និង ផ្លូវចិត្ត ដែលសុខភាពទាំងពីរនេះ ជះឥទ្ធិពលដល់ការរស់នៅប្រចាំថ្ងៃ និង សុខភាពរបស់យើងផងដែរ។ លោក ក៏បានអំពាវនាវដល់ រដ្ឋាភិបាលអោយជួួយបណ្តុះបណ្តាលផ្នែកបច្ចេកទេស និង សម្ភារបរិក្ខាតាមស្តង់ដារអន្តរជាតិ និងការទទួលស្គាល់ផលិតផលអាហារបំប៉ននៅក្នុងស្រុក ដែលនេះនឹងជម្រុញក្រុមហ៊ុននៅក្នុងស្រុកអាចប្រកួតប្រជែកជាមួយផលិតពីក្រៅស្រុកដែលនាំចូលមកក្នុងស្រុកជាដើម៕