ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា បានជួបមន្ត្រីកំពូលនៅទីនោះដើម្បីពិភាក្សាអំពីស្ថិរភាពនៅតាមព្រំដែនរួម បន្ទាប់ពីមានសញ្ញាថ្មីៗដែលបង្ហាញថាទំនាក់ទំនងរវាងប្រទេសទាំង២ បាននឹងកំពុងស្ថិតក្រោមភាពតានតឹង។
តំបន់ភាគឦសាននៃប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅតាមព្រំដែនជាមួយប្រទេសចិន ត្រូវបានរង្គោះរង្គើអស់រយៈពេលមួយខែកន្លងមក ដោយការវាយលុករបស់ក្រុមបះបោរជនជាតិភាគតិចប្រឆាំងនឹងកងកម្លាំងរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា។
ទាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា និងស្ថានទូតចិនបានរាយការណ៍ថា ឯកអគ្គរដ្ឋទូតចិន Chen Hai បានជួបជាមួយរដ្ឋមន្ត្រីការបរទេសដែលតែងតាំងដោយយោធារបស់មីយ៉ាន់ម៉ា លោក Than Swe និងមន្ត្រីយោធានៅរដ្ឋធានី Naypyitaw កាលពីថ្ងៃព្រហស្បតិ៍។
កាសែតរដ្ឋ Global New Light of Myanmar បានរាយការណ៍ថា ពួកគេបានពិភាក្សាអំពី “ទំនាក់ទំនងទ្វេភាគី ការបន្តអនុវត្តគម្រោងទ្វេភាគីដែលមានផលប្រយោជន៍ទៅវិញទៅមក” និង “កិច្ចសហប្រតិបត្តិការក្នុងសន្តិភាព និងស្ថិរភាព និងនីតិរដ្ឋនៅតាមតំបន់ព្រំដែន” ៕