fbpx

អវកាសយានិក​ អង្គការ NASA នឹងមានឈុតថ្មី សម្រាប់ពាក់ទៅបេសកកម្ម ឋានព្រះច័ន្ទ

អត្ថបទដោយ ពិទូ
306 views

អវកាសយានិក អង្គការ NASA នឹងមានឈុតសម្លៀកបំពាក់ថ្មី ដោយមានអ្នកច្នៃម៉ូដប្រណិត ពី brand Prada ជួយរចនាឈុតថ្មី សម្រាប់បេសកកម្មឋានព្រះច័ន្ទ នៅឆ្នាំ 2025។ Prada ដែលជាក្រុមហ៊ុនរចនាម៉ូដរបស់អ៊ីតាលី នឹង រចនាឈុតអវកាសជាមួយនឹងក្រុមហ៊ុនឯកជនមួយផ្សេងទៀតគឺ Axiom Space។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន Axiom បាននិយាយថា Prada នឹងនាំយកអ្នកជំនាញជាមួយនឹងសម្ភារៈ និងការផលិត ដាក់បញ្ជូលទៅក្នុងគម្រោង។ យោងតាមសាស្ត្រាចារ្យ Jeffrey Hoffman ដែលបានហោះហើរបេសកកម្ម NASA ចំនួន 5ដង និងបានអនុវត្តផ្ទាល់នៅលើ យានអវកាសចំនួន 4 បាននិយាយថា “Prada មានបទពិសោធន៍យ៉ាងច្រើនជាមួយនឹងប្រភេទផ្សេងៗនៃក្រណាត់ផ្សំ ហើយប្រហែលជាអាចរួមចំណែកបច្ចេកទេសពិតប្រាកដមួយចំនួនដល់ស្រទាប់ខាងក្រៅនៃឈុតអវកាសថ្មី”។ លោកបានបន្ថែមថា “ឈុតសម្លៀកបំពាក់ អវកាសគឺពិតជាដូចជាយានអវកាសខ្នាតតូច។ វាត្រូវតែផ្តល់សម្ពាធ អុកស៊ីសែន រក្សាអ្នកនៅសីតុណ្ហភាពសមរម្យ”។ 

កាលពីដើមឆ្នាំនេះ Axiom បានបង្ហាញឈុតអវកាស ដែលខ្លួនបាននិយាយថា នឹងត្រូវពាក់ក្នុងបេសកកម្ម Artemis 3 នាពេលខាងមុខ។ ឈុតនេះមានទម្ងន់ 55 គីឡូក្រាម ហើយត្រូវបានគេនិយាយថាសមស្របជាងសម្រាប់អ្នកអវកាសយានិក ជាស្ត្រី។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ក្រុមហ៊ុន Artemis និង Prada បាននិយាយថា ពួកគេនឹងប្រើប្រាស់ “បច្ចេកវិទ្យា និងការរចនាប្រកបដោយភាពច្នៃប្រឌិត” ដើម្បីអនុញ្ញាតឱ្យ ការរុករកផ្ទៃព្រះច័ន្ទ បានកាន់តែច្រើនជាងពេលណាទាំងអស់៕

អត្ថបទពាក់ព័ន្ធ