លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. បានចែករំលែកពីបច្ចុប្បន្នភាពរបស់ក្រសួងទេសចរណ៍ តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដើម្បីគាំទ្រដល់យុទ្ធសាស្ត្របណ្តុះបណ្តាលយុវជនកម្រិត C1 ១,៥លាននាក់ របស់រដ្ឋាភិបាលអាណត្តិទី៧ ដោយក្នុងនោះក្រសួងទេសចរណ៍កំពុងរៀបចំ៖ គុណវុឌ្ឍិជាតិទេសចរណ៍កម្រិត C1 C2 C3 លើជំនាញសាកល្បងរួមមាន៖ ការិយាល័យជួរមុខ គេហកិច្ច ចុងភៅ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដែមានតម្លៃសមមូលនឹងសញ្ញាបត្រកម្រិតប៉ាក់ឌុប។
គុណវុឌ្ឍិជាតិនេះ មានសង្គតិភាពសម្រាប់ច្រកបណ្តុះបណ្តាលថ្នាក់ជាតិក្នុងទម្រង់បណ្តុះបណ្តាលសិស្សថ្មី (Pre-employment) ដោយសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬវិទ្យាស្ថានគ្រប់គ្រងដោយក្រសួងទេសចរណ៍ និងក្រសួង កបវ។ ក្រៅពីបណ្តុះបណ្តាលអ្នកជំនាញថ្មី បុគ្គលិកកំពុងបម្រើការងារអាចស្នើសុំការទទួលស្គាល់គុណវុឌ្ឍិរបស់ខ្លួន តាមច្រកវាយតម្លៃក្នុងយន្តការ “ការវាយតម្លៃការសិក្សាពីមុន (RPL)”។
ស្របតាមគុណវុឌ្ឍិជាតិកម្ពុជា យុវជនដែលមានសញ្ញាបត្រកម្រិត C3 អាចបន្តការសិក្សាទៅកម្រិតបរិញ្ញាបត្ររងបច្ចេកទេស ឬវិជ្ជាជីវៈ ឬកម្រិតឧត្តមសិក្សា។ ការណ៍នេះ គឺបើកច្រកសិក្សាពេញមួយជីវិត (Lifelong Learning)។ គុណវុឌ្ឍិនេះនឹត្រូវធ្វើការបន្ស៊ីជាមួយគុណវិឌ្ឍិអាស៊ានក្នុងក្របខណ្ឌ ASEAN MRA-TP សម្រាប់បម្លាស់ទីការងារនៅថ្ងៃអនាគត។