fbpx

បំណងមួយរបស់សិល្បករភាគច្រើនស្នើមកកាន់សមាគម

អត្ថបទដោយ ពិទូ
76 views

នៅក្នុងកិច្ចប្រជុំជាលើកដំបូងកាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ សមាគមសិល្បករខ្មែរបានសម្រេចបង្កើតគណៈកម្មការចម្រុះមួយ ដែលមានសមាសភាពសិល្បកររៀមច្បងគ្រប់ទម្រង់ ដើម្បីពិនិត្យមើលលក្ខណៈសម្បត្តិរបស់សិល្បករ ដែលមកចុះឈ្មោះជាសមាជិករបស់សមាគម។

ជាមួយនឹងការជជែកលើបញ្ហាជាច្រើន សមាជិកនៃអង្គប្រជុំ ដែលជាសិល្បករជើងចាស់ភាគច្រើន ក៏បានលើកឡើងពីការព្រួយបារម្ភរបស់ខ្លួនលើបញ្ហាដែលកំពុងកើតមានឡើងក្នុងសង្គមសិល្បៈផងដែរ។ នោះគឺវិវាទលើបណ្ដាញសង្គមរបស់បងប្អូនសិល្បករខ្មែរ ដែលបាននាំឱ្យមានទស្សនៈអវិជ្ជមាន ពីសំណាក់មហាជនទូទៅ។ ចាស់ទុំសិល្បករដែលបានចូលរួមកិច្ចប្រជុំដ៏មានសារសំខាន់នោះ បានស្នើឱ្យសមាគមបង្កើតគណៈកម្មការមួយទៀត ដើម្បីវាយតម្លៃពីបញ្ហាសីលធម៌សង្គមរបស់សិល្បករ ដើម្បីឈានទៅរកដំណោះស្រាយបញ្ហាដ៏រសើបមួយនេះ។

កង្វល់របស់សិល្បករ ដូចគ្នាទៅនឹងកង្វល់របស់សមាគម ហើយជាការងារអាទិភាពរបស់សមាគមផងដែរ។ ដូច្នេះសមាគមបានសន្យាថា នឹងរៀបចំបង្កើតគណៈកម្មការនេះឡើង ព្រមទាំងលើកយកបញ្ហាខាងលើមកជជែកវែកញែករកដំណោះស្រាយក្នុងពេលឆាប់ៗខាងមុខនេះ។

គប្បីរំលឹកថា ប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅចំណាន ធ្លាប់បានលើកឡើងតាំងពីមុនពេលបោះឆ្នោតថា នឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីដោះស្រាយបញ្ហារបស់បងប្អូនសិល្បករ ជាពិសេសខិតខំលុបបំបាត់ឱ្យបានជាអតិបរមានូវវិវាទរបស់បងប្អូនសិល្បករនៅលើបណ្ដាញសង្គម តាមរយៈយន្តការនានដែលនឹងត្រូវដាក់ចេញជាបន្តបន្ទាប់ក្នុងពេលខាងមុខ៕

អត្ថបទពាក់ព័ន្ធ