កូរ៉េខាងត្បូង និងជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយមធ្យមមួយគ្រាប់ចូលសមុទ្រកាលពីថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤ ខណៈភាពតានតឹងបានកើនឡើងបន្ទាប់ពីការបាញ់បង្ហោះកាំជ្រួចអន្តរទ្វីបថ្មីៗរបស់ក្រុងព្យុងយ៉ាង និងផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន។
កូរ៉េខាងជើងបានបង្កើនសម្ពាធលើទីក្រុងសេអ៊ូល ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយប្រកាសថាខ្លួនជា “សត្រូវសំខាន់” ដោយនិយាយថា កូរ៉េខាងជើងនឹងមិនបង្រួបបង្រួមជាមួយកូរ៉េខាងត្បូងឡើយ ហើយប្តេជ្ញាពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការធ្វើការវាយប្រហារនុយក្លេអ៊ែរលើសម្ព័ន្ធមិត្តរបស់អាមេរិក និងអាមេរិកនៅតំបន់ប៉ាស៊ីហ្វិក។
យោធាកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលកាលពីថ្ងៃអាទិត្យដែលបានបាញ់ចេញពីតំបន់ទីក្រុងព្យុងយ៉ាង បានហោះប្រហែល ១ពាន់គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសនេះ ដោយបន្ថែមថាទីក្រុងសេអ៊ូលកំពុងដំណើរការការវិភាគលើមីស៊ីលនេះដោយមានការសម្របសម្រួលជាមួយ អាមេរិក និងជប៉ុន។
ទាហានកូរ៉េខាងជើង បាននាំយកអាវុធធុនធ្ងន់ត្រឡប់ទៅតំបន់គ្មានយោធាជុំវិញព្រំដែនខាងជើង-ខាងត្បូង និងបានស្ដារប៉ុស្តិ៍យាមដែលប្រទេសទាំងពីរបានរុះរើ បន្ទាប់ពីទីក្រុងសេអ៊ូលបានផ្អាកផ្នែកមួយនៃកិច្ចព្រមព្រៀងយោធាឆ្នាំ ២០១៨ រវាងកូរ៉េទាំងពីរក្នុងការតវ៉ាជុំវិញការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ទីក្រុងព្យុងយ៉ាង។ កូរ៉េខាងជើងនិងកូរ៉េខាងត្បូង នៅតែមានលក្ខណៈបច្ចេកទេសក្នុងសង្គ្រាមព្រោះសង្រ្គាមកូរ៉េឆ្នាំ១៩៥០ ដល់ ១៩៥៣ បានបញ្ចប់ដោយបទឈប់បាញ់ និងមិនមែនជា សន្ធិសញ្ញាសន្តិភាពឡើយ៕