fbpx

មិនមែនត្រឹមគីឡូទេ គឺ តោន! មោទកភាព កម្ពុជា នាំចេញផលិតផល អន្ទង់ និង បង្គា 10 តោន ទៅកាន់ ចិន

អត្ថបទដោយ ពិទូ
198 views

កម្ពុជា បាននាំចេញផលិតផល ជលផលដំបូងរបស់ខ្លួនដោយផ្ទាល់ទៅកាន់ប្រទេសចិន ដែលជាការកត់សម្គាល់នូវកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាមួយទៀតរវាងប្រទេសទាំងពីរក្នុងវិស័យជលផល។ ក្រុមហ៊ុន Kim Chou Co., Ltd. Import Export and International Transportation គឺជាក្រុមហ៊ុនកម្ពុជាដំបូងគេដែលត្រូវបានអនុញ្ញាតឲ្យនាំចេញផលិតផល ជលផល ដោយផ្ទាល់ទៅកាន់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ទី 14 ខែកញ្ញា ឆ្នាំ 2023 កន្លងទៅ។ 

លោក ហេង ម៉េងទី ប្រធានផ្នែកនាំចេញនៃក្រុមហ៊ុន Kim Chou Co., Ltd. Import Export and International Transportation បានប្រាប់ស៊ីនហួថា នេះជាលើកទីមួយហើយ ដែលកម្ពុជានាំចេញផលិតផល ជលផល ទៅកាន់ប្រទេសចិនដោយផ្ទាល់ ដោយចេញដំណើរពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅកាន់កំពង់ផែសៀងហៃ ប្រទេសចិន។ លោក​បាន​បន្ថែម​ថា​៖ “​ក្នុង​ការ​នាំ​ចេញ​លើក​ទី​មួយ​នេះ យើងនាំ​ចេញ​ផលិតផល​ពីរ​ប្រភេទ គឺ​អន្ទង់​បង្កក និង​បង្គាកែវទឹកសាប​បង្កក ​ក្នុង​បរិមាណ​សរុប 10 តោន”។  លោក ម៉េងទី បាននិយាយថាការដឹកជញ្ជូនត្រូវបានគេរំពឹងថានឹងទៅដល់ទីក្រុងសៀងហៃនៅថ្ងៃទី 15 ឬ 16 ខែតុលា ឆ្នាំ 2023 ខាងមុខនេះ។ 

លោក​បន្ត​ថា ផលិតផល​ទាំងនេះ​ត្រូវ​បាន​ទិញ​ពី​ប្រជា​នេសាទ​ក្នុង​ខេត្ត​មួយ​ចំនួន​ជុំវិញ​បឹង​ទន្លេសាប រួម​មាន​ខេត្ត​កំពង់ធំ ពោធិ៍សាត់ និង​សៀមរាប។ លោកបាននិយាយថា “សម្រាប់គុណភាព និងស្តង់ដារអនាម័យនៃផលិតផល យើងបានអនុវត្តតាមតម្រូវការរបស់ប្រទេសចិន ពីព្រោះយើងបានបណ្តុះបណ្តាលបុគ្គលិករបស់យើង ហើយអ្នកជំនាញចិនបានគ្រប់គ្រងគុណភាពដោយផ្ទាល់” ។ “ការនាំចេញនេះនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ច បង្កើតការងារសម្រាប់កសិករ និងអ្នកនេសាទរបស់យើង” ។ លោក ម៉េងទី បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសចិន ដែលបានផ្តល់សិទ្ធិអនុញ្ញាត ឱ្យកម្ពុជានាំចេញ ផលិតផល ជលផល ដោយផ្ទាល់ទៅកាន់ទីផ្សាររបស់ចិន ដោយនិយាយថា ក្រុមហ៊ុនត្រូវបានរំពឹងថានឹងនាំចេញផលិតផល ជលផល ប្រមាណ 240 តោនទៅកាន់ប្រទេសចិនក្នុងមួយឆ្នាំ។ 

លោក ផាត់ សុខរ៉ា អាយុ 30 ឆ្នាំ ជាកម្មករនៅក្រុមហ៊ុន គឹម ជូ បាននិយាយថា ភារកិច្ចប្រចាំថ្ងៃរបស់លោក គឺ រុះរើ ជ្រើសរើស បកសំបក និងវេចខ្ចប់បង្គាកែវក្នុងថង់ផ្លាស្ទិក មុននឹងដាក់ចូលក្នុងទូទឹកកក។ លោកបានប្រាប់ សារព័ត៍មានស៊ីនហួថា “នៅពេលដែលបង្គាត្រូវបានបង្កក យើងរៀបចំវាចូលទៅក្នុងប្រអប់ ហើយដាក់ចូលទៅក្នុងធុងសម្រាប់នាំចេញទៅកាន់ប្រទេសចិន” ។ លោកបានបន្ថែមថា “ផលិតផលជលផល ទាំងនេះនឹងត្រូវបានដាក់លក់នៅក្នុងទីផ្សារប្រទេសចិន។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ព្រោះការទិញរបស់ពួកគេបានបង្កើតការងារសម្រាប់យើង និងបង្កើតប្រាក់ចំណូលសម្រាប់អ្នកនេសាទរបស់យើង” ។ 

ការនាំចេញនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋបាលទូទៅនៃគយចិន កាលពីខែឧសភា បានអនុញ្ញាតឱ្យកម្ពុជា ដឹកជញ្ជូនផលិតផលជលផល របស់ខ្លួនដោយផ្ទាល់ទៅកាន់ប្រទេសចិន ហើយក្រុមហ៊ុនត្រូវបានអនុញ្ញាតឱ្យនាំចេញ ជលផល ចំនួន 11 ប្រភេទទៅកាន់ប្រទេសចិន រួមមានបង្គា ត្រី អន្ទង់ និងខ្យងធម្មជាតិ ជាដើម។

 លោកជំទាវ អុឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា មានប្រសាសន៍ថា នេះជាដំណឹងល្អ ដោយបង្ហាញទំនុកចិត្តថា ជលផលរបស់កម្ពុជា ក៏នឹងពេញនិយមក្នុងចំណោមប្រជាជន ចិន។ លោក ជំទាវ បានប្រាប់ Xinhua ថា “នេះគឺជាជោគជ័យថ្មីមួយសម្រាប់ការអភិវឌ្ឍវិស័យជលផលរបស់យើង ហើយការនាំចេញជលផល របស់យើងទៅកាន់ប្រទេសចិននឹងមិនត្រឹមតែជួយជំរុញទំហំពាណិជ្ជកម្មកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ជីវភាពកសិកររបស់យើងផងដែរ”។

គួរឱ្យដឹងថា ផលិតផល ជលផល គឺជាផលិតផលកសិកម្មទីពីររបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិននៅឆ្នាំនេះ បន្ទាប់ពីម្រេច៕

អត្ថបទពាក់ព័ន្ធ