ខេត្តសៀមរាប ៖ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការណែនាំពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា(ស.អ.យ.) មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា ខេត្តសៀមរាប បានសហការជាមួយអង្គការហាហ្គារ បានជួយសង្គ្រោះទារកអាយុ១ខែ ដែលត្រូវឪពុកម្តាយបោះបង់ចោល និងមានបញ្ហាសុខភាព យកទៅព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ។
ក្រោយពីការត្រួតពិនិត្យយកចិត្តទុកដាក់ពីគ្រូពេទ្យជំនាញ ទារករូបនេះមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលត្រូវសម្រាកព្យាបាលនោះទេ ដូច្នេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលក្រុងសៀមរាប រដ្ឋបាលសង្កាត់ស្រង៉ែ និងអាជ្ញាធរមូលដ្ឋាន ក្រោមការគាំទ្រពីអង្គការហាហ្គារ បានសម្រេចទុកដាក់ក្នុងការថែទាំដោយគ្រួសារធម៌ តាមនីតិវិធី និងគោលការណ៍ដូចបានកំណត់នៅក្នុងប្រកាសស្តីពីនីតិវិធីការថែទាំកុមារដោយគ្រួសារធម៌។
ទន្ទឹមគ្នានេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប នឹងសហការជាមួយរដ្ឋបាលក្រុង រដ្ឋបាលសង្កាត់និងអង្គការដៃគូ ដើម្បីប្រកាសស្វែងរកឪពុកម្តាយបង្កើត និងគ្រួសារសាច់ញាតិ មុននឹងសម្រេចទុកដាក់ជាផ្លូវការក្នុងការថែទាំដោយគ្រួសារធម៌ និងឈានទៅទុកដាក់ជាអចិន្ត្រៃយ៍តាមរយៈស្មុំកូន។
ក្នុងឱកាសនេះដែរ ក្រសួង ស.អ.យ សូមកោតសរសើរដល់មន្ទីរ ស.អ.យ. ខេត្តសៀមរាប និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលបានផ្តល់ព័ត៌មាន និងជួយសង្គ្រោះទារកបោះបង់ ដែលបង្ហាញអំពីគុណធម៌ ការសាមគ្គី ការអាណិតអាសូរ ក្តីស្រឡាញ់ និងកិច្ចការពារកុមារ។
ជាចុងក្រោយ ក្រសួងស.អ.យ. និងមន្ទីរ ស.អ.យ. សូមធ្វើការអំពាវនាវដល់គ្រប់ឪពុកម្តាយ អាព្យាបាល ត្រូវផ្តល់ក្តីស្រឡាញ់ និងចិញ្ចឹមបីបាច់កូនរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ។ ក្រសួងក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបានឃើញករណីទារក ឬកុមារត្រូវបានបោះបង់ សូមរាយការណ៍ទៅកាន់ស្ថាប័នមានសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាននៅជិតបំផុត ដើម្បីសង្គ្រោះកុមារឱ្យបានទាន់ពេលវេលា។