fbpx

ប្រជាពលរដ្ឋជួបការខ្វះខាត នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ចំនួន២០០គ្រួសារ ទទួលបានស្បៀងអាហារពីសប្បុរសជន

អត្ថបទដោយ រាជ មេសា
125 views

បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត់ចំនួន ២០០គ្រួសារមកពីភូមិចំនួន០៨ ក្នុងសង្កាត់ គោកចក ក្រុង/ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បានទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ ពីសមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបុរី ផ្តល់តាមរយៈឯកឧត្តម ប៊ុន ថាឬទ្ធិ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងចៅអធិការវត្តប្រាសាទគោចក។

លោក Goh Tung Hong ប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបុរី បានថ្លែងថា ការនាំអំណោយជាគ្រឿងឧបភោគបរិភោគ មកផ្តល់ជូនប្រជាពលរដ្ឋនៅពេលនេះ គោល បំណងរបស់សមាគមសង្រ្គោះជីវិតគឺចង់ចូលរួមជាមួយអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយការខ្វះខាតរបស់បងប្អូនចំពោះមុខ ហើយផ្តល់ជូនប្រជាពលរដ្ឋឱ្យចំគោលដៅ ដែលពួកគាត់ កំពុងតែមានតម្រូវការជាក់ស្តែង។ លោកបានកោតសសើរដល់អាជ្ញាធរមូលដ្ឋាន ដែលផ្តល់កិច្ចសហការល្អ ដល់ក្រុមការងាររបស់លោក។

ឯកឧត្តម ប៊ុន ថាឬទ្ធិ អ្នកតំណាងសាស្រ្តមណ្ឌលខេត្តសៀមរាប បានមានប្រសាសន៍ ថ្លែងអំណរគុណដល់សមាគមសង្រ្គោះជីវិតនៃប្រទេសសិង្ហបុរី ដែលមានចិត្តសប្បុរសធម៌ ចំពោះប្រជាជនកម្ពុជា។ ថ្វីត្បិតប្រទេសកម្ពុជាកំពុងតែធ្វើការអភិវឌ្ឍ ប៉ុន្តែក៏នៅមាន ប្រជាពលរដ្ឋមួយចំនួនជួបការខ្វះខាត ហើយសម្រាប់សកម្មភាពសប្បុរសធម៌របស់ សមាគមសង្រ្គោះជីវិតនេះ នឹងធ្វើឱ្យចំណងសាមគ្គីភាព កិច្ចទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសជាតិ និងប្រជាជនទាំងពីរ កាន់តែមានភាពរឹងមាំទ្វេឡើងបន្ថែមទៀត។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំពុងជំរុញនូវការអភិវឌ្ឍលើគ្រប់វិស័យ ទាំងនៅទីប្រជុំជន និង ជនបទ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ក្នុងការ ជំរុញកំណើនការងារ តាមរយៈការបង្កលក្ខណៈងាយស្រួល លើការវិនិយោគនៅតាមបណ្តា មូលដ្ឋានទូទាំងប្រទេស។

ឯកឧត្តមក៏បានសំណូមពរដល់សមាគមសង្រ្គោះជីវិត ប្រទេសសិង្ហបុរី បន្តសកម្មភាព របស់ខ្លួននៅកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជាការសាង សង់អគារសិក្សា មណ្ឌលសុខភាព ,ផ្លូវថ្នល់ អណ្តូងទឹកស្អាត និង បង្គន់អនាម័យផងដែរ។

សម្រាប់អំណោយដែលបងប្អូនប្រជាពលរដ្ឋទទួលបាន អង្ករ ១០គ.ក្រ មី ១កេស ប្រេងឆា ១ដប និង ទឹកស៊ីអ៊ីវ ២ដប។ ក្នុងនោះដែរ​ ឯកឧត្តម ប៊ុន ថាឬទ្ធិ រួមនិងសប្បុរសជន ឧបត្ថម្ភជាប្រាក់ ១៥០០០រៀល ក្នុងមួយគ្រួសារផងដែរ៕

អត្ថបទពាក់ព័ន្ធ