ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បាននិយាយថា ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា គឺជាបញ្ហាដ៏លំបាកមួយសម្រាប់សមាគមន៍អាស៊ាន ដែលត្រូវដោះស្រាយ ខណៈជម្លោះតិចតួច បានវិវឌ្ឍន៍ឆ្ពោះទៅរកការប្រយុទ្ធគ្នាកាន់តែខ្លាំង។
ថ្លែងក្នុងវេទិកាមួយក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ដែលផ្សាយផ្ទាល់នៅប្រទេសហ្វីលីពីន នៅថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2023នេះ លោក Marcos បាននិយាយថា មានការប្តេជ្ញាចិត្តពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ប៉ុន្តែបញ្ហាមានភាពស្មុគស្មាញ រួមទាំងផលប៉ះពាល់មនុស្សធម៌។ អង្គការសហប្រជាជាតិនិយាយថា មនុស្សជាងមួយលាននាក់ត្រូវបានផ្លាស់ទីលំនៅចាប់តាំងពីយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារនៅឆ្នាំ 2021 ដោយបានទម្លាក់ប្រទេសចូលទៅក្នុងជម្លោះ និងការបំផ្លាញសេដ្ឋកិច្ច។
លោក Marcos បាននិយាយថា “មានកម្លាំងរុញច្រានយ៉ាងខ្លាំងសម្រាប់អាស៊ានក្នុងការដោះស្រាយបញ្ហានេះ។ ប៉ុន្តែវាជាបញ្ហាដ៏លំបាកបំផុត”។ ការបង្ក្រាបក្រោយរដ្ឋប្រហាររបស់របបយោធាលើអ្នកប្រឆាំងបានបង្កើតឱ្យមានចលនាតស៊ូដែលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង។
អាស៊ានបានហាមមេទ័ពកំពូលរបស់របបសឹក មីយ៉ាន់ម៉ា មិនឲ្យចូលរួមកិច្ចប្រជុំរបស់ខ្លួនរហូតដល់ពួកគេប្តេជ្ញាចិត្តចំពោះ ការបង្ហាញផ្លូវសន្តិភាពរយៈពេលពីរឆ្នាំ ។ គួរឱ្យដឹងថា ប្រទេសហ្វីលីពីននឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ 2026 បន្ទាប់ពីប្រទេសនេះ ជំនួសប្រទេសមីយ៉ាន់ម៉ាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនោះ៕