សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តាក្នុងខេត្តបាត់ដំបង ផ្តោតសំខាន់លើការដំាដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដើម្បីសុខភាពអតិថិជន ដោយមានរៀបចំផែនការច្បាស់លាស់ គឺផលិតរួម ប្រើប្រាស់បច្ចេកទេសតាមស្តង់ដា GAP លក់រួមដោយមានទីផ្សារច្បាស់លាស់ និងផលប្រយោជន៍រួមដោយបែងចែកភាគលាភត្រឹមត្រូវ ដែលផ្តល់ទំនុកចិត្តទាំងសមាជិកក្នុងសហគមន៍និងអតិថិជន ។
លោក ហ៊ុន វុត្ថា ប្រធានសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ដែលមានទីតាំងស្ថិតនៅក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានឱ្យដឹងថា សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា មានសមត្ថភាពផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ចំនួន៣៣៥ខ្នង ដោយផលិតបន្លែសុវត្ថិភាពប្រមាណជាង១០ប្រភេទ ដូចជា ៖ ស្ពៃក្ដោប ខាត់ណាដើម ខាត់ណាផ្កាពណ៌ស ផ្កាខាត់ណាខៀវ ផ្កាខាត់ណាលឿង ផ្កាខាត់ណាស្វាយ ផ្កាខាត់ណាទឹកក្រូច ស្ពៃក្រញាញ់ ប៉េងប៉ោះ ឆឺរី ម្ទេសហាវ៉ៃ ជាដើម អាចប្រមូលផលបានពី៨០០គីឡូក្រាម ទៅ១៥០០គីឡូក្រាមក្នុង១ថ្ងៃ បើគិតជាថវិកាអាចទទួលបានចន្លោះពី៨០០ដុល្លារ ទៅ ១,៥០០ដុល្លារសហរដ្ឋអាមេរិក ។
លោកបានបន្តថា សហគមន៍នេះបានដាក់ចេញនូវគោលការណ៍ ធ្វើយ៉ាងណាដាំដុះបន្លែដោយអនុវត្តតាមបច្ចេកទេសកសិកម្មល្អ មានមន្ត្រីជំនាញចុះត្រួតពិនិត្យនិងតាមដានជាប់ជាប្រចាំពីការដាំដុះដំណាំ ជ្រើសរើសដំណាំណាដែលមានតម្រូវតាមទីផ្សារខ្ពស់ ជាពិសេសនោះតែងតែប្រជុំជាមួយសមាជិកសហគមន៍ ដើម្បីផ្លាស់ប្តូរយោបល់ និងកែលម្អបញ្ហាប្រឈមដែលកើតមាននៅក្នុងអំឡុងពេលដាំដុះបន្លែសុវត្ថិភាពទាំងអស់នោះ ។
លោកបានបន្តទៀតថា ការដាំដុះបន្លែជាក្រុមច្បាស់លាស់បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដូចជា ការគ្រប់គ្រងផែនការផលិតចំគោលដៅ និងមានទីផ្សារ តែប្រសិនបើមិនមានការចងក្រងជាក្រុមឬសហគមន៍ទេនោះ កសិករមិនអាចដឹងច្បាស់ពីតម្រូវការទីផ្សារ និងបច្ចេកទេសក្នុងការថែទាំបានត្រឹមត្រូវនិងទទួលបានទិន្នផលខ្ពស់នោះឡើយ ។
លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបាត់ដំបង បានឱ្យដឹងថា សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ស្ថិតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដោយសមាជិកសហគមន៍និងថ្នាក់ដឹកនាំ បាននិងកំពុងអនុវត្តន៍របៀបគ្រប់គ្រងបែបសហគ្រាសផលិតកម្មកសិកម្មបន្លែសុវត្ថិភាព រោងផ្ទះសំណាញ់ អស់រយៈពេលជាង០២ឆ្នាំមកហើយ ។
កាលពីពេលថ្មីៗនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបាន ជួបសំណេះសំណាលជាមួយប្រធាននិងសមាជិកសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា នៅក្នុងខេត្តបាត់ដំបង ដោយឯកឧត្តម ក៏បានសាទរចំពោះភាពរីកចម្រើនរបស់សហគមន៍ ដែលបានខិតខំរៀបចំឱ្យមានផ្ទះសំណាញ់ និងទីផ្សារលក់ផលិតផល ដែលផ្តល់ផលចំណេញដល់សមាជិកក្នុងសហគមន៍ ៕