fbpx

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការដាក់ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ចូលរួមប្រកួតប្រជែងក្នុង “កម្មវិធីពានរង្វាន់ការរៀបចំសេវាឌីជីថល” កម្រិតពិភពលោក ដែលរៀបចំនៅក្នុងវេទិកា World Summit on the Information Society (WSIS)+20 Forum High-Level Event 2024 នៅក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស

អត្ថបទដោយ រាជ មេសា
130 views

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា “ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh” ដែលអភិវឌ្ឍដោយ ក.ប.ទ. ត្រូវបានដាក់ឱ្យចូលរួមប្រកួតប្រជែងក្នុង “កម្មវិធីពានរង្វាន់ការរៀបចំសេវាឌីជីថល WSIS Digital Service Design 2024” កម្រិតពិភពលោក ដែលរៀបចំនៅក្នុង វេទិកា World Summit on the Information Society (WSIS)+20 Forum High-Level Event 2024 នៅក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស ហើយមានប្រព័ន្ធឌីជីថលពីបណ្តាប្រទេសជុំវិញពិភពលោកចូលរួមប្រកួត សរុបចំនួន ៥០។ ជាលទ្ធផល ថ្នាល verify.gov.kh ត្រូវបានជ្រើសរើសចូលទៅប្រកួតប្រជែងនៅវគ្គផ្តាច់ព្រ័ត្រជាមួយប្រព័ន្ធឌីជីថលចំនួន ៨ ទៀត ហើយទទួលបានពិន្ទុនៅ លំដាប់ទី២ បន្ទាប់ពី ថ្នាល UgPass របស់ប្រទេសអ៊ូហ្កង់ដា ដែលជាថ្នាលអត្តសញ្ញាណឌីជីថលនិងហត្ថលេខាអេឡិចត្រូនិក។ ថ្នាល verify.gov.kh ត្រូវបានដាក់ឱ្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់កម្រិតអន្តរជាតិ ជាលើកទី២។ ថ្នាលនេះ បានឈ្នះ មេដាយមាស សម្រាប់សេវាសាធារណៈ ក្នុងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដែលល្អជាងគេក្នុងតំបន់។

វេទិកា WSIS+20 នេះ ត្រូវបានរៀបចំរួមគ្នាដោយស្ថាប័នជំនាញ ៤ របស់អង្គការសហប្រជាជាតិ គឺ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) អង្គការយូណេស្កូ (UNESCO) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) ដើម្បីពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហការឌីជីថលរបស់សកលលោក ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយ។ វេទិកានេះ មានការចូលរួមពីប្រតិភូជាន់ខ្ពស់ប្រមាណ ៥០០ រូប មកពីអង្គការជាដៃគូរបស់អង្គការសហប្រជាជាតិប្រមាណ ៤០ និងប្រទេសប្រមាណ ១៦០ ប្រទេស ក្នុងនោះ មានអ្នកចូលរួមប្រមាណ ៨០ រូប ជារដ្ឋមន្ត្រី និងជាប្រធាននិយ័តករនៃវិស័យឌីជីថល។ ចំណែក កម្មវិធីពានរង្វាន់ការរៀបចំសេវាឌីជីថល WSIS Digital Service Design 2024 ត្រូវបានរៀបចំឡើងដោយ ITU និងអង្គការដៃគូ ដើម្បីទទួលស្គាល់សេវារដ្ឋាភិបាលឌីជីថលលំដាប់ខ្ពស់ក្នុងពិភពលោក ដែលត្រូវបានរៀបចំឡើងដោយគិតគូរអំពីតម្រូវការរបស់ប្រជាជន ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្អែកលើអភិក្រមហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល។

ប្រព័ន្ធទាំង ៩ ដែលត្រូវបានជ្រើសរើសទៅវគ្គផ្ដាច់ព្រ័ត្រពីក្នុងចំណោមប្រព័ន្ធ ៥០ ជុំវិញពិភពលោក រួមទាំងថ្នាល verify.gov.kh របស់កម្ពុជា គឺសុទ្ធតែបានគោរពតាមគោលការណ៍សំខាន់ៗ ៧ ក្នុងការអភិវឌ្ឍ គឺ (១) ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ (២) ធន់នឹងការវាយប្រហារពីចោរបច្ចេកវិទ្យា (៣) ងាយស្រួលប្រើប្រាស់ (៤) មានភាពបត់បែនតាមតម្រូវការនៃការប្រើប្រាស់ (៥) អាចដំណើរការបានដោយពុំមានលក្ខខណ្ឌតម្រូវស្មុគស្មាញផ្នែកបច្ចេកទេស (៦) ងាយស្រួលទំនាក់ទំនងជាមួយប្រព័ន្ធផ្សេងៗ និង (៧) មានចីរភាព។ នៅក្នុងចំណោមប្រព័ន្ធទាំង ៩ ដែលបានជាប់ទៅវគ្គផ្ដាច់ព្រ័ត្រ ក៏មានប្រព័ន្ធធំៗលើពិភពលោក ដូចជា ប្រព័ន្ធ DigiLocker របស់ប្រទេសឥណ្ឌា ដែលជាទូផ្ទុកឯកសារឌីជីថលសំខាន់ៗសម្រាប់ប្រជាជន ហើយមានអ្នកប្រើប្រាស់រហូតដល់ ២៣៦ លាននាក់ និងប្រព័ន្ធ SATUSEHAT របស់ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យក្នុងវិស័យសុខាភិបាល ដែលមានការទាញយក (Download) កម្មវិធីទូរសព្ទចំនួន ៥៥ លានដង។

បន្ថែមលើលក្ខខណ្ឌទាំងអស់នេះ ថ្នាល verify.gov.kh របស់កម្ពុជា ទទួលបានពិន្ទុលំដាប់ទី២ ក្នុងការប្រកួតកម្រិតពិភពលោកនេះបាន ដោយសារលក្ខណៈពិសេសបន្ថែមដូចខាងក្រោម៖

– អាចផ្សារភ្ជាប់រវាងឯកសារក្នុងទម្រង់ជាក្រដាសនិងពិភពឌីជីថលដោយសុវត្ថិភាព ដែលធ្វើឱ្យឯកសារដែលមានដាក់បញ្ចូល ឃ្យូ.អ.កូដ ស្តង់ដារបស់ថ្នាល verify.gov.kh មានតម្លៃប្រើប្រាស់ជាផ្លូវការបានទាំងក្នុងប្រទេស និងឆ្លងប្រទេសជាមួយស្ថាប័នដៃគូ

– អាចរៀបចំប្រព័ន្ធដូចគ្នានៅប្រទេសផ្សេងបានដោយងាយស្រួលនិងឆាប់រហ័ស

– ប្រព័ន្ធ verify.gov របស់ប្រទេសនានាដែលចម្លងពីកម្ពុជា អាចទំនាក់ទំនងគ្នាឆ្លងប្រទេសបាន

– អាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារពីប្រទេសមួយទៅប្រទេសមួយទៀតកាន់តែងាយស្រួល តាមរយៈការដាក់ឱ្យប្រើប្រាស់បន្ថែមនូវកម្មវិធី Universal Verify App នៅក្នុងពេលអនាគត។

ថ្នាល verify.gov.kh នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈ និងបង្កើនជំនឿទុកចិត្តនិងផ្តល់ភាពកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ ដែលត្រូវទទួលសេវាសាធារណៈពីរាជរដ្ឋាភិបាល ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពសម្រាប់ផ្ទៀតផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ។ ឯកសារមានជាអាទិ៍ អាជ្ញាបណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត សញ្ញាបត្រ បណ្ណសម្គាល់ខ្លួន និងឯកសារផ្សេងៗទៀត ដែលមានដាក់បញ្ចូលឃ្យូ.អ.កូដ ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល verify.gov.kh គឺអាចយកទៅប្រើប្រាស់បាន ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ ការដាក់ឱ្យប្រើថ្នាល verify.gov.kh នេះ មានគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា កាត់បន្ថយចំណាយ និងជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា ស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើឱ្យការរស់នៅកាន់តែមានភាពងាយស្រួល។

អត្ថបទពាក់ព័ន្ធ