fbpx

ពិតជាប្រពៃណាស់! វត្ថុបុរាណខ្មែរចំនួន 33 នឹងត្រូវប្រគល់មកកម្ពុជាវិញ ពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក

អត្ថបទដោយ ពិទូ
395 views

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានសេចក្តីរីករាយសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា សមុច្ច័យ វត្ថុបុរាណខ្មែរដ៏ល្អឯកមួយចំនួនទៀតនឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំរវាងក្រុមការងារកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយអនុលោមតាម អនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបន្តសុពល ភាពកាលខែសីហា ឆ្នាំ២០២៣ថ្មីៗនេះ។

រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក (ហៅ កាត់ថា “USAO-SDNY”) និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (ហៅកាត់ថា “HSI) បានឈានដល់កិច្ច ព្រមព្រៀងជាមួយអ្នកកាន់កាប់សមុច្ច័យឯកជន គឺគ្រួសារ Lindemann ទាក់ទងនឹងវត្ថុបុរាណខ្មែរចំនួន ៣៣។ ការិយាល័យ HSI សហការជាមួយ USAO-SDNY បានដកហូតរូបចម្លាក់ទាំងនេះពីគ្រួសារខាងលើ។

វត្ថុបុរាណទាំងនោះរួមមានដូចជា៖ បដិមាព្រះវិស្ណុផ្ទុំ និងបដិមាអឌ្ឍនារីស្វរ/អធ៌នារីស្វរ (មួយចំហៀងជា ភេទប្រុស និងមួយចំហៀងជាភេទស្រី) ដែលគេជឿជាក់ថា មានប្រភពមកពីប្រាសាទក្រចាប់ ស្ថិតក្នុងអតីតរាជធានី កោះកេរ។ យោងតាមសាក្សីបានឱ្យដឹងថា រូបចម្លាក់ទាំងនេះត្រូវបានលួចយកចេញក្នុងទសវត្សរ៍១៩៩០ ជា ប្រាសាទតែមួយ ដែលតម្កល់បដិមាព្រះឥសូរនិងព្រះស្កន្ទ និងបដិមាព្រះស្កន្ទគង់លើក្ងោក។ ក្នុងចំណោមវត្ថុដែល ប្រគល់មកវិញនេះ ក៏មានចម្លាក់ទេពមួយអង្គ ដែលគេជឿថាជាបដិមា ព្រះធូស្ថឡុមន៍ (មេទ័ពនៃបណ្ឌពក្សត្រ) ដែល មានប្រភពមកពីប្រាសាទចិន ក្នុងរមណីយដ្ឋានប្រាសាទកោះកេរផងដែរ។

ការបញ្ជូនត្រឡប់មកវិញនេះ បង្ហាញជាថ្មីម្ដងទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក និងនាំ យកមកវិញនូវព្រលឹងដូនតា ដែលបានចាកចេញពីមាតុភូមិកន្លងមក។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានសម្តែងនូវអំណរគុណជាពិសេស ដោយបញ្ជាក់ថា៖ “នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការ ដឹកនាំប្រកបដោយគតិបណ្ឌិត និងការនាំយកសន្តិភាពជូនកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ ព្រមទាំងសូម ស្វាគមន៍ និងអបអរសាទរ ក្នុងការវិលត្រឡប់មកវិញនៃព្រលឹងដូនតាដែលជាមង្គលរបស់ជាតិ ក៏ដូចជាការប្រោះព្រំ ប្រសិទ្ធិពរជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី”។

ទន្ទឹមនេះ លោកជំទាវរដ្ឋមន្ត្រី បានសម្ភនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះ ការខិតខំប្រឹងប្រែងរបស់ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក USAO-SDNY, HSI និងអាជ្ញាធរពាក់ព័ន្ធ ទាំងនៅ ក្រៅប្រទេស និងនៅកម្ពុជា ជាពិសេស ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ និងក្រុមអ្នកស្រាវជ្រាវ ក្រុមបុរាណវិទូ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ លោកជំទាវរដ្ឋមន្ត្រី ក៏ថ្លែងអំណរគុណដល់គ្រួសារ Lindemann ដែលបាន សម្រេចចិត្តជាប្រវត្តិសាស្ត្រ ក្នុងការប្រគល់ស្នាដៃដ៏ល្អឯកទាំងនេះត្រឡប់មកកម្ពុជាវិញ។

អត្ថបទពាក់ព័ន្ធ