តម្លៃស្រូវនៅកម្ពុជា កំពុងហក់ឡើង ថ្លៃជាបន្តបន្ទាប់ មិនធ្លាប់មានពីមុនមក ស្របពេលដែលប្រជាកសិករកំពុងមមាញឹកប្រមូលផលស្រូវដើមរដូវ។តម្លៃកើនឡើងបែបនេះ ធ្វើឱ្យប្រជាកសិករជាអ្នកផលិតបានសម្តែងក្តីត្រេកអរ ខណៈដែលស្រូវលក់បានថ្លៃ ហើយមន្ត្រីជំនាញបានជំរុញឱ្យប្រជាកសិករបន្តផលិតស្រូវបង្កើនរដូវនេះបន្ថែមទៀតនៅតំបន់ដែលមានប្រភពទឹកគ្រប់គ្រាន់។
ព្រៃវែងជាខេត្តមួយ មានសក្ដានុពលក្នុងការធ្វើដំណាំស្រូវដែលមានផ្ទៃដីអនុវត្តន៍ឆ្នាំនេះ ចំនួនប្រមាណជា២៥ម៉ឺនហិកតា ក្នុងនោះស្រូវដើមរដូវចំនួនប្រមាណ១០ម៉ឺនហិកតា ។ លោកអ៊ុក សំណាងប្រធានមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា៖ ប្រជាកសិករចាប់ផ្ដើមបង្កបង្កើនផលស្រូវវស្សាចាប់តាំងពីដើមខែមេសាមកម្ល៉េះ ដែលមកដល់បច្ចុប្បន្ននេះបានអនុវត្តន៍ជិតបញ្ចប់ហើយ លើផ្ទៃដីសរុបចំនួន២៥ម៉ឺនហិកតា។លោកប្រធានមន្ទីរបានលើកឡើងថា៖ ការអនុវត្តរបស់ប្រជាកសិករសម្រាប់ឆ្នាំនេះមានការលឿនរហ័សជាងឆ្នាំមុន ដោយសារឆ្នាំនេះនៅ ខេត្តព្រៃវែងទទួលបានទឹកភ្លៀងធ្លាក់រាយប៉ាយតាំងពីដើមរដូវ។
លោកប្រធានមន្ទីរកសិកម្មបានឱ្យដឹងថា៖ បច្ចុប្បន្នប្រជាកសិករកំពុងមមាញឹកក្នុងការច្រូតកាត់ផលស្រូវដើមរដូវ ខណៈតម្លៃក៏កំពុងហក់ខ្ពស់ផងដែរ ដោយក្នុង១គីឡូក្រាមតម្លៃជាង១០០០៛ ហើយទិន្នផលស្រូវដើមរដូវរបស់ប្រជាកសិករខេត្តព្រៃវែងមានការកើនឡើងជាងឆ្នាំមុន ដែលបានជួយផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកនិងការនាំចេញ។
ងាកមកខេត្តបន្ទាយមានជ័យវិញក៏ត្រូវបានលោកប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តលើកឡើងថា៖ បច្ចុប្បន្នប្រជាកសិករកំពុងសម្រុកប្រមូលស្រូវបង្កើនរដូវ រយៈពេល១សប្ដាហ៍មកហើយ ដើម្បីឱ្យទាន់ពេលវេលាស្រូវទុំផង ព្រមទាំងមានតម្រូវការទីផ្សារល្អ ដោយមានឈ្មួញចុះមកទិញដល់ទីតាំង ច្រូតកាត់តែម្ដង។
លោកប្រធានមន្ទីរកសិកម្មបានបន្តទៀតថា៖ ផ្ទៃដីជាង៨ម៉ឺនហិកតា ក្នុងចំណោមផ្ទៃដីជាង២៦ម៉ឺនហិកតា ដែលកសិករធ្វើជាស្រូវដើមរដូវ ក្នុងរយៈពេលខ្លី ដោយមួយឆ្នាំគាត់អាចធ្វើបាន៣ដង នៅទីតាំងដែលមានប្រភពទឹកគ្រប់គ្រាន់ ហើយស្រូវភាគច្រើនត្រូវបាននាំចេញទៅប្រទេសវៀតណាម។
រីឯខេត្តតាកែវវិញការប្រមូលស្រូវដើមរដូវបានដល់ទីបញ្ចប់ហើយលើផ្ទៃដីជាង៨ម៉ឺនហិកតា ខណៈតម្លៃក៏មានការហក់ខ្ពស់ខ្លាំងដែរ I thought call Khemra Paem I am in Winterhaven hello Kunthea Doung បើធៀបទៅនឹងឆ្នាំមុនៗ។លោកញឹប ស្រ៊នប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ថា៖ បច្ចុប្បន្នប្រជាកសិករក៏កំពុងសម្រុកសាបព្រោះស្រូវស្រាលជាលើកទី២ផងដែរ ដើម្បីឱ្យទាន់ពេលវេលានៃរដូវភ្លៀងធ្លាក់។
តាមរយៈផេកផ្លូវការរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា៖ ស្រូវអង្ករ គឺជាផលិតផលអាហារចាំបាច់បំផុត ដល់ពលរដ្ឋនៅទូទាំងទ្វីបអាស៊ី សម្រាប់ធ្វើជាអាហារប្រចាំថ្ងៃ។ នៅពេលដែលស្រូវចុះថោក ធ្វើឱ្យកសិករ ខាតលុយប៉ះពាល់ដល់សេដ្ឋកិច្ច ព្រោះពលរដ្ឋប្រកបរបរក្នុងវិស័យកសិកម្មជាធំ។ ដោយឡែក នៅពេលដែលអង្ករឡើងថ្លៃខ្លាំងពេក ក៏បង្កឱ្យមានផលប៉ះពាល់ផងដែរ ដោយសារអង្ករ ត្រូវបានយកមកប្រើប្រាស់សម្រាប់ទទួលទាននិងផលិតជាចំណីអាហារផ្សេងៗ។ នៅពេលអង្ករឡើងថ្លៃខ្លាំង នាំឱ្យកើតមានអតិផរណា ពលរដ្ឋជាអតិថិជនមិនសប្បាយចិត្តនោះទេ។ប្រសិនបើការឡើង ឬចុះថ្លៃ មិនខ្លាំងពេក នោះពុំមានបញ្ហាទេ ពោលគឺរក្សាបានស្ថិរភាពស្បៀង។ ដើម្បីរក្សាបានស្ថិរភាពស្បៀង តម្រូវឱ្យប្រទេសនីមួយៗ ត្រូវមានគោលនយោបាយសន្តិសុខស្បៀងច្បាស់លាស់។ជាក់ស្តែង ដូចជាក្នុងរយៈពេលថ្មីៗនេះ សហព័ន្ឋស្រូវអង្ករ បានកត់សម្គាល់ឃើញថា ស្រូវបានឡើងថ្លៃពី៣០%ទៅ៤០% ខណៈអង្ករឡើងថ្លៃប្រមាណ ១៥% ដោយសារការសម្រុកទិញស្រូវពីប្រទេសវៀតណាម។ អ្នកជំនាញស្រូវអង្ករ មើលឃើញថា វាជាការចំណេញសម្រាប់ប្រជាកសិករ ក៏ប៉ុន្តែជាផលលំបាកសម្រាប់រោងម៉ាស៊ីនកិនស្រូវមួយចំនួន ដោយសារការបញ្ជាទិញពីទីផ្សារអន្តរជាតិមានការធ្លាក់ចុះ ដែលបញ្ហានេះខាងសហព័ន្ធកំពុងដាក់ស្នើឱ្យមានការសម្របសម្រួលពីរាជរដ្ឋាភិបាល។
បើតាមការលើកឡើងរបស់ឯកឧត្ដម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន បានលើកឡើងថា៖កសិករកម្ពុជាកំពុងក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់មួយ ក្នុងការលើកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោក។ ជាពិសេសនៅពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាស្បៀងបន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែន ហើយប្រទេសឥណ្ឌាដែលជាប្រទេសនាំអង្ករចេញច្រើនជាងគេលើពិភពលោកហាមមិនឱ្យមានការនាំចេញអង្ករសធម្មតាដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសរបស់ខ្លួន។បើតាមឯកឧត្ដមរដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងថា៖ ជាមធ្យមកសិករកម្ពុជាផលិតស្រូវសរុបបានចំនួន ១២ លានតោនក្នុងមួយឆ្នាំ គឺលើស៦ លានតោនសម្រាប់នាំចេញ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសនាំស្រូវអង្ករចេញជាប់លេខរៀងទី៨នៅលើពិភពលោក។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្មកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា នៅឆ្នាំ២០២៣ តម្លៃស្រូវនៅទីវាល ជាពិសេសប្រភេទពូជស្រូវប្រាំង IR និង OM មានតម្លៃខ្ពស់មិនធ្លាប់មាន នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែតម្លៃស្រូវសែនក្រអូបមិនសូវមានការប្រែប្រួលទេ ក្នុងរយៈ ពេលបីឆ្នាំចុងក្រោយនេះ ដោយជាមធ្យម មានតម្លៃចន្លោះពី ១០០០-១២៦០ រៀលក្នុងមួយគីឡូក្រាម៕