សៀមរាប៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើត គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដែលហៅកាត់ថា (គ.វ.អ.)។ គណៈកម្មាធិការ ជាតិនេះ មានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន។ នេះបើយោងតាមការឱ្យ ដឹងពីសំណាក់ ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន (គ.វ.អ)។
ឯកឧត្តម ពេជ សោភ័ន បានមានប្រសាសន៍ឱ្យដឹងបែបនេះ នៅក្នុងកិច្ចប្រជុំវគ្គគាំទ្រ សាលារៀនគោលដៅក្រោមការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រារព្ធឡើងកាលពីថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលា ខេត្តសៀមរាប។ កិច្ចប្រជុំនោះដែរ មានវត្តមានចូលរួមពីសំណាក់លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អស់លោក លោកស្រីជា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក នាយក នាយិការសាលា លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា និងមាតាបិតា អាណាព្យាបាលសិស្ស សរុបប្រមាណ ជាង៤០០នាក់ចូលរួម។
ឯកឧត្តម ពេជ សោភ័ន បានមានប្រសាសន៍អោយដឹងទៀតថា គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹង គុណភាពសាលា រដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ដើម្បីផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាព បំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គមសេដ្ឋកិច្ច និងទីផ្សារការងារ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា នេះជាការចាប់ផ្តើម យុទ្ធនាការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីសកម្មភាពនៃការអនុវត្តវិធានការគន្លឹះពិសេស សកម្មភាពនៃវគ្គចុះគាំទ្រសាលារៀនគោលដៅ ដែលបានចាប់ផ្តើមដំបូងគេនៅ រាជធានីភ្នំពេញកាលពីពេលថ្មីនេះ នឹងអនុវត្តន៍បន្តនៅតាមបណ្តាខេត្តចំនួន៨ទៀត បន្ទាប់ពីរាជធានីភ្នំពេញ ក៏មានខេត្តសៀមរាបជាគោលដៅទី២ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា លេខាធិការដ្ឋាននេះ ដើរតួនាទី ជាសេនាធិការរបស់ គ.វ.អ.ក្នុងគោលបំណងជួយគាំទ្រដល់ការ លើកកម្ពស់ការអប់រំតាមរយៈ ការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យកែលម្អកម្មវិធីសិក្សា ការរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របតាមតម្រូវការ ក្នុងពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថសិស្ស ការយកចិត្តទុកដាក់លើសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ។
ចំណែកឯលោកស្រី ម៉ននី រងី្ស ក៏បានរាយការណ៍ឱ្យដឹងផងដែរថា ខេត្តសៀមរាប មានសាលារៀនសរុប១ ៤៧០កន្លែង សិស្សចំនួន៣០៨ ៣៧៧នាក់ ដែលក្នុងនោះមាន ស្រី១៥៥ ២៨៣នាក់ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា៕