fbpx

សម្តេចធិបតី តែងបញ្ជាក់ច្បាស់ ក្នុងការទទួលយកនូវមតិរិះគន់ស្ថាបនា ប៉ុន្តែជំទាស់ទៅនឹងការបង្កើតព័ត៌មាន​ប្រឌិត បង្កើតបញ្ហា ដោយផ្ទុយទៅនឹងច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន

អត្ថបទដោយ ពិទូ
124 views

សម្តេចធិបតី បានមានប្រសាសន៍ថា ថ្ងៃនេះ គឺជាលើកទី៣ ហើយដែលបានចូលរួមជាមួយឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធ​សមិទ្ធផល និងបើកការដ្ឋាននានា ជាពិសេសក្នុងឆ្នាំ២០២៣ ដែលជាខួបអនុស្សាវរីយ៍៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។

ជាសក្ខីភាព ការកសាងអាងប្រព្រឹត្តកម្មនេះ​ គឺជាការជួយបង្កើនបរិស្ថានអនាម័យ និងការគ្រប់គ្រងទឹកកខ្វក់ ដែលបម្រើដល់ផលប្រយោជន៍ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ទីតាំងដែលយើង​ទាំងអស់គ្នាកំពុងប្រារព្ធពិធី គឺជាអតីតកន្លែងវាយសម្លាប់ប្រជាជនខ្មែរមកពីគុក​ទួល​ស្លែង​ប្រមាណជាង ២ ម៉ឺននាក់ នាសម័យកាលដ៏ខ្មៅងងឹតនៃរបប ប៉ុល ពត។ បច្ចុប្បន្នកន្លែងនេះ បាន​ប្រែក្លាយជាទីកន្លែងពោរពេញដោយការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើដល់ការរស់នៅរបស់ប្រជាជន​ និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់។ មនុញ្ញផលនេះ គឺអាចកើតមានឡើងដោយសារសុខសន្តិភាព ដែលនាំឱ្យកម្ពុជាបញ្ចប់សង្គ្រាម និងនាំឱ្យមានការ​ឯកភាព​ទឹកដី កាលពី ២៥ ឆ្នាំមុន ដោយការអនុវត្តនយោបាយឈ្នះ ឈ្នះ ហើយនេះជាអ្វីដែលយើងត្រូវមានមោទនភាព ហើយត្រូវប្តេជ្ញារួមគ្នាការពារឱ្យបាន។ ពិតណាស់ កាលណាយើងនិយាយអំពីសមិទ្ធផល យើងត្រូវនិយាយ​ពីការ​ការពារ និងថែទាំ ហើយអ្វី​ដែលយើងត្រូវចងចាំ គឺបរិស្ថានគ្របដណ្តប់ដែលបង្កើតឱ្យមាន នោះគឺសុខ​សន្តិភាព និងស្ថិរភាព។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានធ្វើការគូសបញ្ជាក់ជូនដល់ប្រជាជន កម្ពុជា អំពីភាពត្រឹមត្រូវ និងហ្មត់ចត់របស់រាជរដ្ឋាភិបាល ក្នុងការគិតគូរលើការអភិវឌ្ឍជាតិ ជាពិសេសការប្រើប្រាស់ថវិកាប្រកបដោយភាពប្រយ័ត្នប្រយែងខ្ពស់ និងស្របតាមច្បាប់​ថវិកា​យ៉ាងគត់មត់បំផុត។ ជាក់ស្តែងមានសារព័ត៌មានក្រៅប្រទេស ដែលតែងសរសេរព័ត៌មានមិន​ពិត ប្រាសចាកពីវិជ្ជាជីវៈសារព័ត៌មាន និងគ្មានក្រមសីលធម៌ បានយកស្លាកសារព័ត៌មាន​ជាទីជម្រកក្នុងការធ្វើសកម្មភាពកុហក បំភ្លៃ និងប្រឌិតរឿងវាយប្រហាររាជរដ្ឋាភិបាល។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដែលបង្កើតឡើង ដើម្បីតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីទន្លេសាបទៅកាន់សមុទ្រ ហើយមានគោលដៅសំខាន់តែមួយគត់ គឺបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ គម្រោងនេះ បានប្រើប្រាស់រូបមន្ត BOT (កសាង ដំណើរការ និងផ្ទេរ) ដែលវិនិយោគដោយក្រុមហ៊ុនឯកជនមួយរយភាគរយ និងមិនប្រើប្រាស់ថវិការបស់ជាតិឡើយ គឺមានលក្ខណៈដូចគ្នាទៅនឹង​គម្រោង​ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ប៉ុន្តែបែរជាត្រូវបានសារព័ត៌មានមួយចំនួន បានកុហកប្រជាជនថា រាជរដ្ឋាភិបាលទៅខ្ចីថវិកាបរទេស មក​ធ្វើ​គម្រោងព្រែកជីហ្វូណន រួមនឹងធ្វើការស្តារសេដ្ឋកិច្ចទៅវិញ។ ក្នុងន័យនេះ អ្វីដែល សម្តេច​ធិបតី បានធ្វើការបកស្រាយ គឺក្នុងគោលបំណងជម្រាបទៅសាធារណជនអំពីការពិត ហើយក៏ដើម្បីការពារ​នូវ​សេចក្តីថ្លៃថ្នូរ ភាពត្រឹមត្រូវរបស់មន្ត្រីរាជការគ្រប់កម្រិត រួមទាំងថ្នាក់ដឹកនាំ ដែលបានខិតខំគ្រប់បែបយ៉ាង ដើម្បីបង្កើត និងកសាងសមិទ្ធផលថ្មីៗជូនជាតិ និងពង្រីកផលប្រយោជន៍ជូនប្រជាជន។ សម្តេចធិបតី តែងបញ្ជាក់ច្បាស់ ក្នុងការទទួលយកនូវមតិរិះគន់ស្ថាបនា ប៉ុន្តែជំទាស់ទៅនឹងការបង្កើតព័ត៌មាន​ប្រឌិត បង្កើតបញ្ហា ដោយផ្ទុយទៅនឹងច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

មុននឹងបញ្ចប់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍​មួយចំនួនសម្រាប់​រដ្ឋបាលរាជធានីភ្នំពេញ និងគ្រប់ខេត្ត ព្រមទាំងក្រសួងជំនាញ យកទៅអនុវត្ត​សម្រាប់រៀបចំ និងថែរក្សា​សណ្តាប់ធ្នាប់ និងបង្កលក្ខណៈដល់ការសប្បាយរីករាយជូនដល់ប្រជាជន និងភ្ញៀវទេសចរទាំង​អស់នៅកម្ពុជា ក្នុងឱកាសនៃការអបអរសាទរឆ្លងឆ្នាំសាកល២០២៤៖

ទី១ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខេត្តនានា ត្រូវបន្តពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាម

មូលដ្ឋាន ដើម្បីដាក់ចេញនូវចំណាត់ការទប់ស្កាត់បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព នូវរាល់សកម្មភាពប៉ុនប៉ងបង្កឱ្យមានចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម ជាពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍ចូលឆ្នាំសាកល២០២៤ ខាងមុខ និងត្រូវយកចិត្តទុកដាក់ការពារសន្ដិសុខសុវត្ថិភាពជូនភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ។

ទី២ ក្រសួងទេសចរណ៍ ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីរៀបចំតុបតែងលម្អ ទីតាំងកម្សាន្តសប្បាយឱ្យបានច្រើនសម្រាប់បម្រើជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសអបអរសាទរឆ្នាំសាកល២០២៤, ជាពិសេសទីតាំងសម្រាប់ការរាប់ថយក្រោយឆ្លងឆ្នាំសាកល (Count down) និងសូមលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី សម្ដែងសិល្បៈ កីឡាប្រដាល់គុនខ្មែរ និង ជម្រើសនៃការកម្សាន្តផ្សេងៗទៀត ដើម្បីបង្កើនការទាក់ទាញទាំងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ។

ទី៣ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ត្រូវបន្តរៀបចំកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសាកលល្អជាងគេប្រចាំឆ្នាំ (Best Countdown City of the Year)» ដោយត្រូវពិនិត្យ និងវាយតម្លៃផ្អែកលើលក្ខណៈពិសេសសំខាន់ៗ ដូចជា សន្តិសុខ-សុវត្ថិភាព អនាម័យ-បរិស្ថាន ការតុបតែងលម្អ ជម្រើសនៃការកម្សាន្ត ទីតាំងកំសាន្ត​សប្បាយ ភាពពេញចិត្ត និងភាពសប្បាយរីករាយរបស់ភ្ញៀវទេសចរ ព្រោះនេះ គឺជាផ្នែកមួយនៃការលើកកម្ពស់វិស័យទេសចរណ៍ជាតិឱ្យកាន់តែប្រសើរឡើង ៕

អត្ថបទពាក់ព័ន្ធ