សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយនៅថ្ងៃអង្គារ ទី ១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ដែលវិនិយោគដោយចិន នៅភាគពាយព្យនៃប្រទេសកម្ពុជា នឹងក្លាយជាកាតាលីករសម្រាប់កំណើនទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេស។
ស្ថិតក្នុងស្រុកសូទ្រនិគម ក្នុងខេត្តសៀមរាប អាកាសយានដ្ឋានអន្តរជាតិកម្រិត 4E គ្របដណ្តប់លើផ្ទៃដី ៧០០ ហិកតា បានចាប់ផ្តើមប្រតិបត្តិការហោះហើរ របស់ខ្លួននៅថ្ងៃទី ១៦ ខែតុលា។
សម្តេចធិបតី បានមានប្រសាសន៍នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅក្នុងបណ្តាញ Telegram ផ្លូវការ ថា “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងក្លាយទៅជាសក្តានុពលដ៏រឹងមាំ និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ជាពិសេស និងសម្រាប់ឧស្សាហកម្មទេសចរណ៍ទាំងមូលក្នុងប្រទេស”។
សម្តេចធិបតី បានបន្ថែមថា៖ “អាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ក៏នឹងអាចទាក់ទាញអ្នកវិនិយោគក៏ដូចជាផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាជនក្នុងតំបន់ផងដែរ” ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អាកាសយានដ្ឋានដែលស្ថិតនៅចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីឧទ្យានបុរាណវិទ្យាអង្គរដែលចុះបញ្ជីដោយអង្គការយូណេស្កូ និង ៥០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប គឺជាការបញ្ចូលគ្នានៃ “វប្បធម៌ ធម្មជាតិ និងភាពឆ្លាតវៃ” ។
សម្តេចធិបតី បានបន្ថែមថា អាកាសយានដ្ឋានបានលើកកម្ពស់ការតភ្ជាប់ និងប្រសិទ្ធភាពក្នុងវិស័យដឹកជញ្ជូន និងភស្តុភារក្នុងប្រទេសកម្ពុជា ។
គួរឱ្យដឹងថា ព្រលានយន្តហោះនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលជាសាខារបស់ក្រុមហ៊ុន Yunnan Investment Holdings Ltd. របស់ប្រទេសចិន។
ព្រលានយន្តហោះនេះត្រូវបានគេរំពឹងថានឹងអាចផ្ទុកអ្នកដំណើរតាមយន្តហោះបានចំនួន ៧ លាននាក់ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៤ និងរហូតដល់ ១២ លាននាក់ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០៤០ ។
ឯកឧត្តម ស៊ិន ច័ន្ទសេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា ជាមួយនឹងផ្លូវរត់ប្រវែង ៣៦០០ ម៉ែត្រ SAI អាចផ្ទុកជើងហោះហើរចម្ងាយឆ្ងាយពីជុំវិញពិភពលោក។
ឯកឧត្តម បានប្រាប់ស៊ីនហួ ថា “SAI គឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងចិន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ យើងសង្ឃឹមថា អាកាសយានដ្ឋាននឹងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថ្មីៗ ដើម្បីធ្វើប្រតិបត្តិការជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប” ។