សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណប្រជាជនកម្ពុជាបានធ្វើការគាំទ្រចំពោះគោលបំណង និងទិសដៅទៅអនាគត របស់សមាគមអ្នកនិពន្ធខ្មែរ ដើម្បីឱ្យស្ថាប័ននេះកាន់តែទទួលកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ថែមទៀត ក្នុងការចងក្រងនិពន្ធលើស្នាដៃប្រវត្តិសាស្រ្តពិត របស់ប្រទេសកម្ពុជា។ ការថ្លែងរបស់សម្ដេចតេជោ យ៉ាងដូច្នេះ បន្ទាប់ពីសម្ដេចតេជោបានអនុញ្ញាត ឯកឧត្តម ជ័យ ចាប និងប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរ ចំនួន១០រូប ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមាន៧មករា។ ឯកឧត្តម ជ័យ ចាប បានសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរ បានចូលជួបសម្ដែងការគួរសម បើទោះបីជារូបសម្តេចមានការងារមមាញឹកជាច្រើនយ៉ាងណាក្តី។
ឯកឧត្តម ព្រីង ប្រណិត ប្រធានសមាគមអ្នកនិពន្ធខ្មែរបានជម្រាបជូនសម្តេចតេជោ ពីសកម្មភាពការងារនាពេលកន្លងទៅ របស់សមាគមអ្នកនិពន្ធខ្មែរ លើការប្រមូលផ្តុំអ្នកស្រាវជ្រាវ ការចងក្រងតែងនិពន្ធ លើការងារដែលរាជរដ្ឋាភិបាលសម្រេចបាន។ ឯកឧត្តមប្រធានបានជម្រាបជូនសម្តេចតេជោ ពីការរៀបចំប្រឡងស្នាដៃតែងនិពន្ធប្រចាំឆ្នាំ របស់សមាគម ក្រោមប្រធានបទ ពានរង្វាន់ ៧មករា សន្តិភាព ដែលគ្រោងធ្វើនៅពេលខាងមុខ។ ឯកឧត្តមប្រធានក៏បានជំរាបជូនសម្តេចតេជោ អំពីគោលបំណងនៃការរៀបចំឱ្យមានការជួបជុំនៃអ្នកនិពន្ធរបស់បណ្តាប្រទេសតាមដងទន្លេមេគង្គ ដើម្បីធ្វើការពិភាក្សាលើការងារសិក្សាស្រាវជ្រាវ និងទិសដៅទៅថ្ងៃអនាគត លើស្នាដៃតែងនិពន្ធ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍សម្ដែងនូវការគាំទ្រពីគោលបំណង និងទិសដៅរបស់សមាគមអ្នកនិពន្ធខ្មែរ ដែលបានសម្រេចនូវស្នាដៃមួយចំនួននាពេលកន្លងមក។ សម្តេចតេជោបានវាយតម្លៃខ្ពស់ ចំពោះស្នាដៃរបស់អ្នកនិពន្ធខ្មែរ ប៉ុន្តែសម្តេចស្នើឱ្យមានការបណ្តុះបណ្តាល និងធ្វើការស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យស្នាដៃរបស់អ្នកនិពន្ធកាន់តែទទួលបាន នូវភាព ល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះ។ សម្តេចតេជោបានស្នើឱ្យសមាគមអ្នកនិពន្ធខ្មែរ ចូលរួមពិនិត្យ មើលលើតែងនិពន្ធរឿងអប់រំខ្លីៗ ដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម ឬ ក្នុងតិកតុក ដែលមានផ្នែកខ្លះខុសពីសច្ចៈភាពរបស់សង្គម ខុសការពិតធ្វើឱ្យប៉ះពាល់ដល់សង្គម។
សម្តេចតេជោមានប្រសាសន៍បន្តថា បើសរសេរពីប្រវត្តិសាស្រ្ត អ្នកនិពន្ធត្រូវយល់ឱ្យច្បាស់ពីប្រវត្តិសាស្រ្ត ស្រាវជ្រាវប្រវត្តិសាស្រ្តឱ្យបានច្បាស់លាស់ កុំយកគំនិតផ្ទាល់ខ្លួនទៅបញ្ចេញ។ ក្នុងជំនួបគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានគាំទ្រឱ្យមានការប្រឡងតែងនិពន្ធ ពានរង្វាន់៧មករា សន្តិភាព និងគាំទ្រ ឱ្យមានការជួបជុំនៃ្នកនិពន្ធបណ្តាប្រទេសទន្លេមេគ្គ និគាំទ្រឱ្យមានទិវានៃអ្នកនិពន្ធនាពេលខាងមុខ៕