fbpx

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ និងគំនិតផ្តួចផ្តើមសំខាន់ៗ១០ចំណុច ដើម្បីលើកកម្ពស់អនាម័យជនបទ

អត្ថបទដោយ រាជ មេសា
141 views

ក្នុងឱកាសអបអរសាទរ ទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤ ថ្ងៃទី១៣ ខែវិច្ឆិកា ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ និងគំនិតផ្តួចផ្តើមសំខាន់ៗ១០ចំណុចដើម្បីលើកកម្ពស់អនាម័យជនបទ។

យោងតាម សារលិខិត ថ្លែងក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤ សម្ដេចធិបតី បានផ្ដល់អនុសាសន៍មានជាអាទិ៍៖ ទី១. ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិត្រូវបន្តយកចិត្តទុកដាក់ក្នុងការសម្របសម្រួល និងសហប្រតិបត្តិការល្អជាមួយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធទាំងអស់ដើម្បីធ្វើឱ្យស្ថានភាពអនាម័យជនបទកាន់តែប្រសើរឡើងបន្ថែមទៀត។ ទី២. ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវបន្តការចូលរួមឱ្យបានសកម្មថែមទៀតនិងគ្រប់រូបភាព ធ្វើយ៉ាងណាពន្លឿនអត្រាគ្របដណ្ដប់អនាម័យជនបទឱ្យមានភាពប្រសើរឡើង និងឈានទៅសម្រេចតាមគោលដៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨។

ទី៣. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តស្វែងរកការគាំទ្រ និងកៀរគរធនធានបន្ថែមទៀត ពីដៃគូអភិវឌ្ឍន៍នានា ក៏ដូចជាវិស័យឯកជន ក្នុងការចូលរួមការងារលើកកម្ពស់អនាម័យជនបទ។ ទី៤. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្រាគ្របដណ្ដប់អនាម័យជនបទឱ្យបានច្បាស់លាស់ និងទុកចិត្តបាន ដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការងារលើកកម្ពស់អនាម័យជនបទ។ ទី៥. បន្តជំរុញ លើកទឹកចិត្ត និងគាំទ្រ ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែលមានអត្រាអនាម័យខ្ពស់ឱ្យសម្រេចបានជាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

ទី៦. ត្រូវបន្តការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងបន្ថែមទៀត ចំពោះក្រុមងាយរងគ្រោះ ជនក្រីក្រ ជនជាតិដើមភាគតិច ស្ត្រីមេម៉ាយ ជនពិការ និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម។ ទី៧. បន្តខិតខំជំរុញ និងគាំទ្រតាមគ្រប់រូបភាពដល់បណ្តាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលនិងឈានទៅសម្រេចបានជាខេត្ត ក្រុងមានអត្រាគ្របដណ្តប់ទាបឱ្យទទួលបានអត្រាអនាម័យកាន់តែប្រសើរឡើងស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ ទី៨. បន្តលើកកម្ពស់ការលាងសម្អាតដៃនឹងសាប៊ូ នៅក្នុងសហគមន៍ តាមសាលារៀន និងស្ថាប័នសាធារណៈទាំងអស់ តាមរយៈការអប់រំ និងបង្កើតកន្លែងលាងសម្អាតដៃ។

ទី៩. ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការយល់ដឹង និងប្រតិបត្តិអនាម័យនៅពេលស្តី្រនិងកុមារីអាយុពេញវ័យមានរដូវ ដោយត្រូវមានយន្តការអប់រំក្នុងសហគមន៍ និងសាលារៀន ក្នុងគោលដៅផ្លាស់ប្ដូរឥរិយាបថនៃការគ្រប់គ្រងអនាម័យពេលមានរដូវឱ្យកាន់តែប្រសើរឡើង។ ទី១០. ត្រូវយកចិត្តទុកដាក់រៀបចំឱ្យមានសេវានិងគោលការណ៍ណែនាំផ្សេងៗ ក្នុងការគ្រប់គ្រងកាកសំណល់លាមក ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស៕

អត្ថបទពាក់ព័ន្ធ