fbpx

មន្រ្តីជាន់ខ្ពស់កម្ពុជាអះអាងថា សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប៊្រូល ជាសាលាបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈដំបូងគេបង្អស់ នៅក្នុងពិភពលោកដែលទទួលជ័យលាភីអាជ្ញាបណ្ណទង់បៃតង ពីស្ថាប័នមូលនិធិអប់រំបរិស្ថាន

អត្ថបទដោយ រាជ មេសា
152 views

មូលនិធិសម្រាប់ការអប់រំបរិស្ថាន(FEE) គឺជាអង្គការអន្តរជាតិដែលធ្វើឡើង ដើម្បី ឧទ្ទិសដល់ការអប់រំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលមានសមាជិកជាង១០០ និង កំពុងធ្វើការនៅក្នុង៨១ប្រទេសមូលនិធិសម្រាប់ការអប់រំបរិស្ថាន បានផ្តល់នូវសិទ្ធិសេរីភាព ដល់មនុស្សឱ្យធ្វើសកម្មភាពប្រកបដោយអត្ថន័យ និងមានគោលបំណងដើម្បីបង្កើត និរន្តរភាពពិភពលោក ដែលឱ្យមានលក្ខណៈប្រសើរជាងមុនផ្តោតសំខាន់ទៅលើកកម្ពស់ ជីវចម្រុះការអភិរក្សកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងនិរន្តរភាពនៅក្នុងសាលារៀន និងសហគមន៍។

​ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងនៅក្នុងពិធីប្រគល់ ជ័យលាភីអាជ្ញាបណ្ណទង់បៃតង (Green Flag Eco-Campus) របស់ស្ថាប័នមូលនិធិអប់រំ បរិស្ថាន (Foundation For Environment Education) ជូនដល់សាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូលឌុយប៊្រូលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា យើងពិតជាមោទនភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប៊្រូល ក្លាយជាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដំបូងគេបង្អស់ ក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ក្នុងពិភពលោក។ កម្ពុជាជាប្រទេសទី១ ដែល សម្រេចបានវិញ្ញាបនបត្រអន្តរជាតិនេះ នៅកម្រិតអប់រំបណ្តុះបណ្តាល ជំនាញ វិជ្ជាជីវៈ(TVET)។ សាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប៊្រូល នឹងធ្វើជាគំរូសម្រាប់សាលា TVET ផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។

​កញ្ញា ម៉ម ហ្សាណា តំណាងឱ្យសិស្សនៃសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយ ប្រ៊ូល បានថ្លែងថា មុនទទួលបានជ័យលាភីអាជ្ញាបណ្ណទង់បៃតង(Green Flag Eco-Campus) ពីស្ថាប័នមូលនិធិអប់រំបរិស្ថានយើងបានចូលរួមប្រកួតតាំងពីដើមឆ្នាំ២០២២ ដោយបានធ្វើការ ផ្លាស់ប្តូរអាកប្បកិរិយាផ្ទាល់ខ្លួនទាំងក្នុងសាលារៀន និងក្រៅសាលាដែលទាក់ទងទៅ និងការប្រើប្រាស់ថង់ប្លាស្ទិកការកាត់បន្ថយនូវការបំភាយឧស្ម័នផ្ទះកញ្ចក់ ការទុកដាក់ កាក់សំណល់ឱ្យបានត្រឹមត្រូវក៏ជាជំហានមួយទៀតក្នុង និងការទទួលបានទង់បៃតង ដែល បញ្ជាក់ថា សាលាយើងជាសាលាអាកូ និងជាសាលាជំនាញវិជ្ជាជីវៈដំបូងគេបង្អស់នៅលើ ពិភពលោក ដែលទទួលបាននូវទង់បៃតងមួយនេះ។

​ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ក៏បាន លើកផងដែរថា ការទទួលបានរង្វាន់ទង់បៃតងវិញ្ញាបនបត្របរិវេណអេកូឡូស៊ី របស់សាលា សណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុលប៊្រូល បានបង្ហាញពីការចូលរួមជាមួយសិស្សនៅក្នុង សកម្មភាពរួមគ្នាដើម្បីលើកកម្ពស់ជីវចម្រុះ ការអភិរក្ស និងនិរន្តរភាពនៅក្នុងសាលារៀន និងសហគមន៍។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា បញ្ហា បរិស្ថាន អនាម័យ សុខភាព គឺជាកត្តាចម្បងនៅលើភពផែនដីយើងនេះ ដោយបច្ចុប្បន្នត្រូវបានធ្វើការកាត់បន្ថយនូវ ការប្រើប្រាស់ថង់ប្លាស្ទិក៕

អត្ថបទពាក់ព័ន្ធ