Seungri ដែលជាអតីតសមាជិកក្រុមចម្រៀង K-pop BigBang ត្រូវបានដោះលែងពីពន្ធនាគារ Yeoju ក្នុងខេត្ត Gyeonggi របស់ប្រទេសកូរ៉េខាងត្បូងកាលពីខែកុម្ភៈ ឆ្នាំ 2023 បន្ទាប់ពីបានបញ្ចប់ការអនុវត្តទោសរយៈពេល 18 ខែ។ នេះបើយោងតាមក្រសួងយុត្តិធម៌របស់ប្រទេសនេះ។
Seungri ដែលមានឈ្មោះពិតថា Lee Seung-hyun ត្រូវបានចោទប្រកាន់កាលពីខែមករា ឆ្នាំ 2020 ជុំវិញការជាប់ពាក់ព័ន្ធរបស់លោកនៅក្នុងរឿងអាស្រូវ ក្លឹបកម្សាន្ត Burning Sun ដែលជារឿងអាស្រូវផ្លូវភេទ និងគ្រឿងញៀនដ៏ធំ ចាប់តាំងពីឆ្នាំ 2018 ។
តារាចម្រៀងវ័យ 32 ឆ្នាំរូបនេះបានចាប់ផ្តើមបម្រើយោធាក្នុងអំឡុងពេលសវនាការ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 3 ឆ្នាំនៅក្នុងតុលាការយោធាក្នុង ខែសីហា ឆ្នាំ 2021 ។ ការដាក់ទណ្ឌកម្មត្រូវបានកាត់បន្ថយមកត្រឹម 18 ខែនៅក្នុងតុលាការជាន់ខ្ពស់ ហើយរឿងក្តីនេះត្រូវបានបញ្ចប់នៅក្នុងតុលាការកំពូល នៅខែឧសភា ឆ្នាំ 2022។
Seungri ត្រូវបានកាត់ទោសលើការចោទប្រកាន់ចំនួន 9 ករណី រួមទាំងការរៀបចំការជួញដូរផ្លូវភេទសម្រាប់អ្នកវិនិយោគបរទេសក្នុងឆ្នាំ 2015 និងបានក្លែងបន្លំមូលនិធិពី Burning Sun ដែលជាក្លឹបរាត្រីនៅ Gangnam។ តុលាការក៏បានរកឃើញថា អតីតសមាជិកក្រុម BigBang រូបនេះ មានពិរុទ្ធលើគណនីចំនួន 8 នៃការលេងល្បែងស៊ីសងខុសច្បាប់ដែលពាក់ព័ន្ធនឹងទឹកប្រាក់ប្រហែល 2.2 ពាន់លានវ៉ុន ចន្លោះឆ្នាំ 2013 និង 2017 ។
Seungri បានចាប់ផ្តើមអាជីពរបស់លោក ជាសមាជិកក្រុម BigBang ក្នុងឆ្នាំ 2006 ដោយបានទាក់ទាញកិត្តិនាមជាសាកលជាមួយនឹងបទល្បីជាច្រើន។ លោក បានចាកចេញពីក្រុម ដែលឥឡូវនេះមាន G-Dragon, T.O.P, Taeyang និង Daesungក្នុងឆ្នាំ 2019 បន្ទាប់ពីរឿងអាស្រូវបានផ្ទុះឡើង៕