ប្រទេសឥណ្ឌាបានដាក់ការរឹតបន្តឹងលើការនាំចូលកុំព្យូទ័រ និងកុំព្យូទ័រយួរដៃនៅក្នុងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយពីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Narendra Modi ដែលបាននិងកំពុងព្យាយាមលើកទឹកចិត្តដល់ការផលិតក្នុងស្រុកនៅក្នុងវិស័យបច្ចេកវិទ្យា។
ឥឡូវនេះ អ្នកនាំចូលនឹងត្រូវស្នើសុំអាជ្ញាប័ណ្ណ ដើម្បីនាំយកកុំព្យូទ័រយួរដៃ ថេប្លេត កុំព្យូទ័រផ្ទាល់ខ្លួន និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ចូលមកក្នុងប្រទេស នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មកាលពីថ្ងៃព្រហស្បតិ៍។ កន្លងមក ការនាំចូលទំនិញបែបនេះមិនមានការរឹតបន្តឹងទេ។
ក្រសួងមិនបានផ្តល់ហេតុផលសម្រាប់ការផ្លាស់ប្តូរច្បាប់នេះទេ ទោះជាយ៉ាងណាក៏ដោយ លោក Modi បានជំរុញយ៉ាងខ្លាំងក្លានូវយុទ្ធនាការ “Make in India” របស់លោក ដែលជំរុញការផលិតក្នុងស្រុកក្នុងគោលបំណងបង្កើតការងារបន្ថែមទៀត។ នេះជាការធ្វើតាមការទប់ស្កាត់ស្រដៀងគ្នាលើការនាំចូលទូរទស្សន៍ឆ្លាតវៃក្នុងឆ្នាំ 2020។
យោងតាម Reuters បានឱ្យដឹងថា ការនាំចូលអេឡិចត្រូនិករបស់ឥណ្ឌាមានចំនួន 19.7 ពាន់លានដុល្លារក្នុងអំឡុងខែមេសាដល់ខែមិថុនា កើនឡើង 6.25% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2022។
ការជំរុញរបស់ឥណ្ឌាក្នុងការផលិតក្នុងស្រុកកើតឡើងនៅពេលវេលាដ៏សំខាន់មួយសម្រាប់ប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។ យោងតាមអង្គការសហប្រតិបតិ្តការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចបានឱ្យដឹងថា ចំនួនប្រជាជនក្នុងវ័យធ្វើការរបស់ប្រទេសឥណ្ឌាត្រូវបានគេរំពឹងថានឹងកើនឡើងដល់មួយពាន់លាននាក់ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។ កម្លាំងពលកម្មដ៏ធំ និងវ័យក្មេងរបស់ខ្លួនធ្វើឱ្យប្រទេសនេះមានការទាក់ទាញដ៏ធំមួយសម្រាប់ក្រុមហ៊ុនពិភពលោកដែលស្វែងរកមជ្ឈមណ្ឌលសម្រាប់ការផលិត៕