fbpx

ថ្នាក់ដឹកនាំក្រសួងសុខាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចសិក្សា ស្តីពីការរៀបចំបង្កើតគម្រោង វេជ្ជសាស្រ្តទេសចរណ៍

អត្ថបទដោយ ពិទូ
200 views

ប្រទេសជប៉ុន៖ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានប្រតិភូ រួមជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការី បានអញ្ជើញទៅបំពេញទស្សនកិច្ចសិក្សា ស្តីពីការរៀបចំបង្កើតគម្រោងវេជ្ជសាស្រ្តទេសចរណ៍ (Study Visit on the Development of Medical Tourism) នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅថ្ងៃទី១នៃដំណើរទស្សនកិច្ច លោកជំទាវរដ្ឋលេខាធិការ បានទទួលការអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Masahiro Imamura សមាជិករដ្ឋសភា នៅការិយាល័យរបស់ឯកឧត្តមផ្ទាល់ និងបានទស្សនាវិមានរដ្ឋសភានៃប្រទេសជប៉ុន។ នៅថ្ងៃដដែលនេះ លោកជំទាវរដ្ឋលេខាធិការ បានអញ្ជើញទៅទស្សនាមន្ទីរពេទ្យ Shonan Kamakura និងបានពិនិត្យមើលការព្យាបាលជំងឺមហារីកដោយប្រើប្រាស់ម៉ាស៊ីននិងបច្ចេកវិទ្យាចុងក្រោយគឺ Neutron Therapy ។

នៅថ្ងៃទី២នៃដំណើរទស្សនកិច្ច លោកជំទាវរដ្ឋលេខាធិការបានដឹកនាំប្រតិភូជួបប្រជុំពិភាក្សា ជាមួយលោកនាយកប្រតិបត្តិ នៃក្រុមហ៊ុន MEDIROM ដើម្បីពិភាក្សាលម្អិត អំពីការរៀបចំបង្កើតគម្រោងវេជ្ជសាស្ត្រទេសចរណ៍នេះ។ បន្ទាប់មកគណៈប្រតិភូបានអញ្ជើញទៅទស្សនាសាខារបស់ក្រុមហ៊ុន MEDIROM ដែលផ្តល់សេវាព្យាបាលដោយចលនា។

នៅថ្ងៃទី៣នៃដំណើរទស្សនកិច្ច លោកជំទាវរដ្ឋលេខាធិការ បានដឹកនាំប្រតិភូទៅទស្សនាស្វែងយល់ពីការងារមន្ទីរពិសោធន៍វេជ្ជសាស្រ្ត ID Pharma Co., Ltd ពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវការព្យាបាលជំងឺឆ្លងផ្សេងៗ ដូចជាជំងឺកូវីដ-១៩ ជំងឺអេដស៍ ព្រមទាំងជំងឺមិនឆ្លង ដូចជាជំងឺមហារីក៕

អត្ថបទពាក់ព័ន្ធ