នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្រ្តីអាស៊ាន-ចិនលើកទី៣០ នៅលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាការតា។
កិច្ចប្រជុំបានត្រួតពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដែលមានស្រាប់ក្នុងរយៈពេលកន្លងមក ក្រោមសរសរស្តម្ភទាំងបីរបស់អាស៊ាន រួមមាន សន្តិសុខ-នយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។
ខណៈដែលឆ្នាំ២០២៤នេះជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនអាស៊ាន-ចិន ឧត្តមមន្រ្តីអាស៊ាន និងចិនបានពិភាក្សាអំពីសកម្មភាពនានាដើម្បីអបអរសាទរឱកាសនេះ ក៏ដូចជាទិសដៅអនាគតក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ឱ្យកាន់តែប្រកបដោយខ្លឹមសារបន្ថែមទៀត។ កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួម។