TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក កំពុងធ្វើការដើម្បីបន្តប្រតិបត្តិការឡើងវិញបន្ទាប់ពីការរញ្ជួយដីដ៏ធំដែលបានវាយប្រហារកោះតៃវ៉ាន់ កាលពីថ្ងៃពុធ ទី 3 ខែមេសា ឆ្នាំ 2024 ដែលនេះជាសញ្ញាព្រមានសម្រាប់អ្នកផលិត ផលិតផលបន្ទះឈីប សម្រាប់ផ្គត់ផ្គង់ អោយ iPhone និងកុំព្យូទ័ររហូតដល់រថយន្ត និងម៉ាស៊ីនបោកគក់ដែលពឹងផ្អែកលើឧបករណ៍ semiconductors កម្រិតខ្ពស់របស់ក្រុមហ៊ុនតៃវ៉ាន់ មួយនេះ។
ការរញ្ជួយដីកម្រិត 7.4 រ៉ិចទ័របានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់ កាលពីព្រឹកថ្ងៃពុធ ដែលជាកម្រិតរញ្ជួយខ្លាំងបំផុតក្នុងរយៈពេល 25 ឆ្នាំមកនេះ ដោយបានសម្លាប់មនុស្ស 9 នាក់ និងបណ្តាលឱ្យមានការបាក់ដី និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន បានដួលរលំ។
ក្រុមហ៊ុន Taiwan Semiconductor Manufacturing Company ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេនៅលើពិភពលោក ដែលត្រូវបានគេស្គាល់ថា TSMC ប្រតិបត្តិការភាគច្រើននៅម្ខាងនៃកោះតៃវ៉ាន់ ទោះបីជាក្រុមហ៊ុនបាននិយាយថាគ្រឿងបរិក្ខាររបស់ខ្លួនបានជួបប្រទះការរង្គោះរង្គើខ្លះក៏ដោយ។ TSMC បានជម្លៀសចេញជាបណ្តោះអាសន្ននូវរោងចក្រផលិតមួយចំនួនបន្ទាប់ពីការរញ្ជួយដី ប៉ុន្តែបាននិយាយនៅពេលក្រោយការរញ្ជួយដី ថាបុគ្គលិករបស់ខ្លួនមានសុវត្ថិភាព ហើយបានត្រឡប់ទៅកន្លែងធ្វើការវិញហើយ។
“ឧបករណ៍មួយចំនួនតូចត្រូវបានខូចខាត ដែលជះឥទ្ធិពលមួយផ្នែកដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនយើង។ ទោះយ៉ាងណាក៏ដោយ មិនមានការខូចខាតដល់ឧបករណ៍សំខាន់ៗរបស់យើងទេ” TSMC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធ។ TSMC ផលិតបានប្រហែល 90% នៃបន្ទះឈីប semiconductor ទំនើបបំផុតរបស់ពិភពលោក ដែលផ្តល់ថាមពលដល់ឧបករណ៍រាប់មិនអស់ដែលមនុស្សពឹងផ្អែកលើប្រចាំថ្ងៃ។ បន្ទះឈីបរបស់ពួកគេត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរួមមាន Apple, Qualcomm, Nvidia និង AMD ហើយមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ឧស្សាហកម្មបញ្ញាសិប្បនិមិត្ត Ai៕