សំបកពោតគេតែងតែបោះចោល បន្ទាប់ពីបរិភោគសាច់រួច ប៉ុន្តែសព្វថ្ងៃមានយុវជនមួយរូប បានដឹកនាំអ្នកភូមិប្រមាណជាង១០គ្រួសារ យកសំបកពោតមកច្នៃប្រឌិត ធ្វើផ្កាជាច្រើនប្រភេទសម្រាប់តាំងលម្អ ឬធ្វើជាវត្ថុអនុស្សាវរីយ៍ ដែលបច្ចុប្បន្នកំពុងទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ។
ផ្ទះផ្កាខ្មែរ ដែលគេល្បីតាមបណ្តាញសង្គមកន្លងមក បានបង្កើតឡើងនៅឆ្នាំ២០២១ ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ពីព្រោះក្នុងកាលៈទេសៈនោះប្រជាជនមួយចំនួនមិនមានការងារធ្វើ និងមិនអាចរកប្រាក់ចំណូលបានឡើយ។ ហេតុដូចនេះដោយភាពឈ្លាសវៃ និងឧស្សាហ៍ព្យាយាម ធ្វើឱ្យយុវជនមួយរូបមានគំនិតច្នៃប្រឌិត នឹកឃើញធ្វើផ្កាពី សំបកពោតតាមយូធូប តាមហ្វេសប៊ុក និងតាមផេកផ្សេងៗ ដែលបច្ចុប្បន្នអាចជួយរកចំណូលជូនអ្នកភូមិនៅខេត្តតាកែវ បានមួយកម្រិត ។
លោក វង្ស ហិរញ្ញនិយុទ្ធ ម្ចាស់ហាងផ្ទះផ្កាខ្មែរបានឱ្យដឹងថា៖ ដំបូងឡើយគ្រាន់តែចង់យកពេលទំនេរ ធ្វើផ្កាទុកលក់ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ តែដោយមានភ្ញៀវគាំទ្រនិងចាប់អារម្មណ៍ច្រើនឡើងៗទៅ ទើបលោកក៏បានបង្កើតជាសហគមន៍មួយ ដែលបច្ចុប្បន្នបានផ្ដល់កម្រៃតិចតួច ដល់ពួកគាត់ បន្ទាប់ពីទំនេរធ្វើការងារស្រែចម្ការ។
ពីកាកសំណល់ស្លឹកឈើ ផ្លៃឈើមួយចំនួន បានប្រែក្លាយជាផ្កាសិប្បនិម្មិតដ៏ស្អាត រាប់ពាន់ទង ហើយជាច្រើនប្រភេទចម្រុះពណ៌ រៀបចំតុបតែងលម្អយ៉ាងស្រស់ស្អាត មានទាំងរៀបដាក់ក្នុងកន្រ្តក ថូ បាច់ផ្កា និងធ្វើជាស៊ុម សម្រាប់ដាក់ព្យួរលើជញ្ជាំង ដែលមានសម្រស់ស្រស់ល្អឯកមួយបែបដែលគួរឱ្យទាក់ទាញក្រៃលែង។
លោក វង្ស ហិរញ្ញនិយុទ្ធ បានរៀបរាប់ពីដំណាក់កាលនៃការផលិតផ្កាសំបកពោតថា៖ ដំបូងត្រូវរើសសំបកពោតនៅស្រទាប់ខាងក្នុង យកមកហាល ឬសំដិលឱ្យស្ងួត រូចជ្រលក់ពណ៌តាមសេចក្តីត្រូវការរបស់ភ្ញៀវកម្មង់ មុននឹងរៀបផ្គុំជាបាច់ផ្កា ក៏ដូចជាប្រអប់កាដូអនុស្សាវរីយ៍ផ្សេងៗ។ រីឯតម្លៃ អាស្រ័យទៅលើម៉ូដផ្កានីមួយៗ ដែលក្នុង១ទងមានចាប់ពី១ដុល្លារឡើងទៅ។
ការច្នៃសំបកពោតធ្វើជាផ្កា បានឆ្លងកាត់ជាច្រើនដំណាក់កាល ត្រូវមានភាពអត់ធ្មត់ ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងលម្អិតផ្ចិតផ្ចង់នៅគ្រប់ដំណាក់កាលនីមួយៗ ទើបលទ្ធផលផ្កាទាំងនោះបានរំលេចចេញជារូបរាងយ៉ាងស្រស់ស្អាត និងប្រណីត ទាំងម៉ូតផ្កា ទាំងការរៀបចំ និងការច្នៃប្រឌិតបានច្រើនទម្រង់។ ទាំងនេះពិតជាបានផ្តល់នូវសមិទ្ធផលមួយជូនដល់អតិថិជន ក៏ដូចជាបានក្លាយជាកាដូអនុស្សាវរីយ៍មួយដែលអាចរក្សាទុកបានយូរអង្វែង។
ស្របពេលនេះម្ចាស់ហាងផ្ទះផ្កាខ្មែរ បានព្យាយាមប្រឹងប្រែងសិក្សានិងរៀនសូត្របន្ថែម ដោយចាប់ផ្ដើមសិក្សាពីវិធីប្រើពណ៌ធម្មជាតិ ធ្វើពីត្រុំរបស់សហគមន៍អង្គរ សំរាប់ស្ងោរសំបកពោត ស្លឹកត្នោត ស្លឹកចាក ស្លឹកទ្រាំង ដើម្បីច្នៃចេញជាផ្កាដែលប្រើពណ៌ធម្មជាតិផងដែរ៕