fbpx

ទុរេន ម៉ាន់ថង ឡើងថ្លៃកប់ពពក ខណៈមានតម្រូវការទីផ្សារខ្ពស់ នៅប្រទេសចិន

អត្ថបទដោយ ពិទូ
191 views

តម្លៃ​ទុរេន​ថៃ ម៉ាន់ថង ​ដែល​ដាំ​នៅ​ប្រទេស​វៀតណាម​បាន​ឡើង​ថ្លៃខ្ពស់ជាងមុន ៣០​ភាគរយ ក្នុង​ខែ​វិច្ឆិកា នេះ​ដល់ ១៥ ម៉ឺន​ដុង (៦,១៩ ដុល្លារ) ក្នុង​មួយ​គីឡូក្រាម។ នៅតំបន់ដីសណ្ដទន្លេមេគង្គ និងតំបន់ខ្ពង់រាបកណ្តាល ក្នុងប្រទេសវៀតណាម តម្លៃទុរេនម៉ាន់ថង បានឡើងថ្លៃកាលពីសប្តាហ៍មុន ស្របពេលដែល ទុរេនម៉ាន់ថង ទទួលបានផលច្រើនជាងគេ។ 

ទុរេន​ម៉ាន់ថង ​ដែល​មាន​គុណភាព​ខ្ពស់​បំផុត​មាន​ទម្ងន់​ចន្លោះពី​២​ ទៅ​ ៥​គីឡូក្រាម ​ឥឡូវនេះ​មាន​តម្លៃ​១៥​ម៉ឺន​ដុង​ក្នុង​មួយ​គីឡូក្រាម ពោលតម្លៃនេះ ​គឺ​ខ្ពស់​ជាងមុន ប្រមាណ ៦០ភាគរយ។ តម្លៃឡើងថ្លៃខ្ពស់បែបនេះ កំពុងធ្វើឱ្យកសិករសប្បាយចិត្ត។ ជាក់ស្តែង លោក Hau រស់នៅខេត្ត Tien Giang ដែលទើបលក់ទុរេនអស់គ្មានសល់ កាលពីពេលថ្មីៗនេះបាននិយាយថា “បន្ទាប់ពីទូទាត់ថ្លៃចំណាយអស់ហើយ ខ្ញុំនៅសល់ប្រាក់ចំណេញចំនួន ៨០០ លានដុង ដែលជាប្រាក់ចំណេញខ្ពស់បំផុតមិនធ្លាប់មាន” ។  

តម្លៃទុរេនម៉ាន់ថង ឡើងថ្លៃខ្ពស់មិនធ្លាប់មាននេះ ត្រូវបានគេសន្មតថា ដោយសារតែតម្រូវការទីផ្សារកើនឡើងខ្លាំងនៅក្នុងប្រទេសចិន។ តាមការឱ្យដឹងពីលោក Dang Manh Khuong ឈ្មួញនៅខេត្ត Can Tho បាននិយាយថា កសិករថៃកំពុងជួបការលំបាកជាមួយនឹងអាកាសធាតុមិនអំណោយផល ដូច្នេះជនជាតិចិនកំពុងប្រមូលទិញទុរេន ពីប្រទេសវៀតណាម ដែលជំរុញឱ្យតម្លៃកើនឡើង។ គួរឱ្យដឹងថា ការនាំចេញទុរេនរបស់វៀតណាម រំពឹងថានឹងឈានដល់កំណត់ត្រា ក្នុងទំហំទឹកប្រាក់ចំនួន ២,៥ពាន់លានដុល្លារ នៅឆ្នាំ២០២៣នេះ ដែលជាចំនួនខ្ពស់ជាងឆ្នាំមុនដល់ទៅ ៦ដងឯណោះ៕

អត្ថបទពាក់ព័ន្ធ