fbpx

ថៃ ប្រើមួយក្បាច់ចុងក្រោយ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស មកលេងប្រទេសខ្លួន

អត្ថបទដោយ ពិទូ
126 views

អ្នកនាំពាក្យរដ្ឋាភិបាលថៃ បាននិយាយកាលពីថ្ងៃអង្គារ ទី 28 ខែវិច្ឆិកា ឆ្នាំ 2023 ថាគណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបានអនុម័តបទប្បញ្ញត្តិរបស់ក្រសួងដែលបន្ថែមម៉ោងបើកក្លឹបរាត្រី និងកន្លែងកម្សាន្តក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនថែមទៀត។ 

មន្រ្តីថៃ បាននិយាយថា កន្លែងកម្សាន្ត ក្លឹបរាត្រី និងខារ៉ាអូខេក្នុងទីក្រុងបាងកក ភូកេត ប៉ាតាយ៉ា ឈៀងម៉ៃ និងសាមុយ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម នឹងត្រូវបានអនុញ្ញាតឱ្យបើករយៈពេលពីរម៉ោងបន្ថែមរហូតដល់ម៉ោង 4 ទៀបភ្លឺ។ ទន្ទឹមនឹងនេះ នាយក​រដ្ឋមន្ត្រី​ថៃ លោក ស្រេតថា ថាវីស៊ីន ធ្លាប់​បាន​ថ្លែង​ថា ច្បាប់​ថ្មី​នេះ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី 15 ខែ​ធ្នូ ឆ្នាំ2023។ 

ឧស្សាហកម្មទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចថៃ ប៉ុន្តែគេសង្កេតឃើញថាមានកំណើនយឺតបើធៀបនឹងដៃគូក្នុងតំបន់ ហើយរដ្ឋាភិបាលរបស់លោក ស្រេតថា ចង់ពង្រឹងវិស័យនេះឡើងវិញ ជាមួយនឹងវិធានការជំរុញនានា។ ការសម្រេចចិត្តអនុញ្ញាតឱ្យកន្លែងកម្សាន្តបើកបានយូរ គឺជាជំហានចុងក្រោយបង្អស់របស់រដ្ឋាភិបាលក្នុងការទាក់ទាញជនបរទេស។

គួរឱ្យដឹងថា កាលពីខែកញ្ញា កន្លងទៅ ថៃបានលើកលែងតម្រូវការទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ដែលជាប្រភពសំខាន់នៃ ទេសចររបស់ខ្លួន។ រហូតមកដល់ពេលនេះប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន 24.5 លាននាក់នៅឆ្នាំ 2023នេះ ហើយកំពុងព្យាករណ៍ថា ចំនួនសរុបនឹងហក់ឡើងដល់ 28 លាននាក់សម្រាប់រយៈពេលពេញមួយឆ្នាំ។ មុនពេលជំងឺរាតត្បាតកូវីដ19 ប្រទេសថៃ ទទួលបានភ្ញៀវទេសចរ ចំនួន 39.9 លាននាក់ ដោយមាន 11 លាននាក់មកពីប្រទេសចិន។

នៅឆ្នាំ 2023នេះ រដ្ឋាភិបាលថៃ រំពឹងថានឹងមានភ្ញៀវមកពីប្រទេសចិនត្រឹមតែ 3.5 លាននាក់ប៉ុណ្ណោះមកទស្សនាប្រទេសខ្លួន៕

អត្ថបទពាក់ព័ន្ធ