ក្រុមកីឡាករទូកបានបង្ហាញការប្តេជ្ញាថែរក្សាសុខភាព និងការ គោរពវិន័យមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដែលនាំឱ្យការប្រកួតបានជោគជ័យនិងមានសុវត្ថិភាព។
លោក នុយ វណ្ណៈ ជាកីឡាករទូកចំណុះទូកព្រះទីនាំងអធិរាជម្កុដពេជ្រតេជោសែនជ័យមកពីខណ្ឌកំបូលបានឱ្យដឹងថា សម្រាប់រយៈពេលបីថ្ងៃនៃពិធីបុណ្យអុំទូកនេះរូបលោកផ្ទាល់ក៏ដូចជាកីឡាករចំណុះទាំងអស់បានរួមគ្នាថែរក្សាសុខភាព ដោយបានរៀបចំត្រឹមត្រូវនូវការហូបចុកឱ្យមានអនាម័យនិងសម្រាកឱ្យបានគ្រប់គ្រាន់ដើម្បីជៀសវាងផលប៉ះពាល់ដល់សុខភាពដែលវានឹងប៉ះពាល់ដល់ការប្រកួតរួមទាំង ការពង្រឹងសាមគ្គីភាពក្នុងចំណោមបងប្អូនកីឡាករទាំងអស់ដោយក្តីយោគ យល់និងអធ្យាស្រ័យគ្នា។ លោកបញ្ជាក់ថា យើងចូលរួមប្រកួតគឺដើម្បីលើកតម្កើងប្រពៃណីទំនៀមទម្លាប់ជាតិទាំងអស់គ្នា មិនមែនមកដើម្បីប្រើអំពើហិង្សាណាមួយរវាងគ្នានឹងគ្នានោះទេ ហើយដាច់ខាតមិនត្រូវពិសាគ្រឿង ស្រវឹង។
លោកបានបន្តថា គណៈកម្មការទូកបានណែនាំទៅដល់កីឡាករទាំងអស់ ត្រូវគោរពវិន័យ បទបញ្ជា មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ពិសេសត្រូវខិតខំហ្វឹកហាត់ និងរួមកម្លាំងគ្នាដើម្បីធ្វើយ៉ាងណាឱ្យល្បឿនទូកកាន់តែលឿនជាងមុននិងលើកកិត្តិយសជូនភូមិស្រុក។
លោកបានបន្តថា នៅពេលយើងមកឆ្ងាយពីផ្ទះសម្បែងចូលរួមប្រកួតទូកនៅរាជធានីភ្នំពេញនេះក៏មិនភ្លេចដែរពីការចូលរួមទប់ស្កាត់ពីជំងឺអេដស៍ផងដែរ ។
«ក្រុមកីឡាករទូកខ្ញុំនេះបានត្រៀមលក្ខណៈទាំងការហូបចុកការរស់នៅគឺថាបានស្អាតល្អត្រឹមត្រូវនិងមានអនាម័យ ហើយគណៈកម្មការបានអប់រំណែនាំទៅដល់កីឡាករត្រូវថែទាំសុខភាព សម្រាកឱ្យបានគ្រប់គ្រាន់ មិនត្រូវហូបទឹកប្តូរនិស្ស័យឡើយកុំឱ្យពេលប្រកួតមានបញ្ហាសុខភាព។ មួយវិញទៀតក្រុមកីឡាកររបស់ខ្ញុំបានណែនាំគ្នាឱ្យមានសាមគ្គីគ្នា នៅពេលប្រកួតនិងខិតខំធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យនៅទីលានប្រកួត»។
ចំណែកឯលោក ស៊ិន ចាន់ថា កីឡាករទូកឈ្មោះទូកពេជ្ររង្សីបារមីសិរីមង្គលមកពីស្រុកមុខកំពូលខេត្តកណ្តាលបានឱ្យដឹងថា រូបលោកផ្ទាល់ពិតជាសប្បាយរីករាយដែលបានមកចូលរួមប្រកួតនៅក្នុងពីធីបុណ្យអុំទូកឆ្នាំ២០២៣នេះ ដោយសារពិធីបុណ្យអុំទូកខកខានមិនបានប្រារព្ធរយៈពេលបីឆ្នាំមកហើយ។ មួយវិញទៀតសម្រាប់ការស្នាក់នៅវិញខាងអាជ្ញាធរបានរៀបចំល្អប្រសើរ និងការហូបចុកបានគ្រប់គ្រាន់មានអនាម័យមិនប៉ះពាល់សុខភាព ដោយក្រុមកីឡាករទាំងអស់ពួកគាត់មានយល់ដឹងពីអនាម័យបរិស្ថាន។
លោកបានបន្តថា សម្រាប់ការប្រកួតវិញចាញ់ឈ្នះជារឿងធម្មតា គឺយើងមកចូលរួមប្រកួតនេះដើម្បីបន្តថែរក្សាប្រពៃណីវប្បធម៌ខ្មែរយើងពីបុរាណដែលរំលឹកទៅដល់មេទ័ពជើងទឹកនាសម័យមុន ដោយលោកចាត់ទុកថាបុណ្យទូកជាបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀត។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២៣នេះ មានទូកចូលរួមប្រណាំងសរុប ៣៣៧ទូក ដោយមានកីឡាករ កីឡាការិនីចំណុះទូកជិត២ម៉ឺននាក់និងមានប្រទីបចូលរួមប្រមាណ៣០ប្រទីប ។ ចំពោះទីតាំងសម្រាប់ការស្នាក់នៅរបស់កីឡាករចំណុះទូក ត្រូវបានបែងចែកជា២ទីតាំង ក្នុងនោះ នៅអតីតឃ្លាំងសាំងឫស្សីកែវ ក្នុងខណ្ឌឬស្សីកែវមួយទីតាំង និងនៅខាងកើតទន្លេសាបក្នុងដីអភិវឌ្ឍន៍OCICខាងជើងរង្វង់មូលនាងមច្ឆា ខណ្ឌជ្រោយចង្វា មានការរៀបចំបណ្តាញទឹក ភ្លើងនិងបង្គន់អនាម័យយ៉ាងល្អប្រសើរផងដែរ៕