fbpx

រដ្ឋធានីហ្សាកាតា​ របស់ឥណ្ឌូនេស៊ី ជាប់ឈ្មោះជាទីក្រុងដែលមានខ្យល់បំពុលអាក្រក់បំផុត នៅលើពិភពលោក

អត្ថបទដោយ ពិទូ
118 views

យោងតាមការសិក្សាថ្មីមួយ បានឱ្យដឹងថា រដ្ឋធានីហ្សាកាតារបស់ប្រទេសឥណ្ឌូនេស៊ី គឺជាទីក្រុងដែលមានការបំពុលខ្លាំងបំផុតលើពិភពលោក។

រដ្ឋមន្ត្រីក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ប្រធានាធិបតី Joko Widodo មានអាការៈក្អកអស់រយៈពេលជាច្រើនសប្តាហ៍ ហើយបានស្នើថា នេះអាចទាក់ទងនឹងការបំពុលខ្យល់កាន់តែអាក្រក់ទៅៗ នៅក្នុងទីក្រុងហ្សាកាតា​ ដែលមានមនុស្សរស់នៅចំនួន 10 លាននាក់។

ដំណឹងនេះបានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុនស្វីស IQAir បានចេញផ្សាយទិន្នន័យដែលបង្ហាញថា គុណភាពខ្យល់របស់ទីក្រុងហ្សាកាតាបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយបានប្រែក្លាយជាទីក្រុងដែលមានខ្យល់បំពុលអាក្រក់បំផុតនៅក្នុងពិភពលោក។

“ប្រធានាធិបតី Joko Widodo បានស្នើសុំឱ្យមានជំហានជាក់ស្តែង (ដើម្បីដោះស្រាយការបំពុលបរិយាកាស) ក្នុងរយៈពេលមួយសប្តាហ៍។ លោក​បាន​ក្អក​អស់​រយៈពេល​ជិត​បួន​សប្តាហ៍​ហើយ ហើយ​បាន​និយាយថា លោកមិន​ដែល​មាន​អាការៈ បែបនេះ​ទេ​”។ នេះបើយោងតាម រដ្ឋមន្ត្រី​ទេសចរណ៍ និង​សេដ្ឋកិច្ច​ច្នៃប្រឌិត​របស់​ឥណ្ឌូនេស៊ី លោក Sandiaga Uno បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​សភា​រវាង​រដ្ឋមន្ត្រី​ក្នុង​ទីក្រុង​ហ្សា​ការតា​ ​។

លោក Uno បាននិយាយថា គ្រូពេទ្យនៅតែធ្វើការវិនិច្ឆ័យរកមូលហេតុនៃការក្អករបស់ប្រធានាធិបតី Widodo ប៉ុន្តែបានបន្ថែមថា នេះអាចទាក់ទងនឹងគុណភាពខ្យល់ដែលកាន់តែអាក្រក់ទៅៗ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN របស់ឥណ្ឌូនេស៊ី។

នៅថ្ងៃបន្ទាប់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Budi Gunadi Sadikin ក៏បានកត់សម្គាល់ផងដែរថា លោកប្រធានាធិបតីកំពុងមានអាការៈ ក្អក ហើយបាននិយាយថា ក្រសួងរបស់លោកកំពុងបង្កើនការធ្វើតេស្តលើប្រជាជនទូទៅ ដើម្បីមើលថាតើមានការកើនឡើងនៃជំងឺសួត និងផ្លូវដង្ហើម ដូចជាជំងឺហឺត នៅក្នុងតំបន់ដែលមានការបំពុលខ្លាំងដែរឬយ៉ាងណា៕

អត្ថបទពាក់ព័ន្ធ