ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជាង៦០ម៉ឺនដុល្លារ ក្នុងការធានាដឹកជញ្ចូនបងប្រជាពលរដ្ឋ និងកម្មករ កម្មការិនីតាមរថយន្ដក្រុងទៅស្រុកកំណើត ទាំងទៅទាំងមក សម្រាប់រដូវបុណ្យទានរបស់ជាតិក្នុងមួយឆ្នាំ។ ការបញ្ជាក់របស់ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ២៨៩ នាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចំណាយក្នុងការជួយប្រជាពលរដ្ឋគឺអត់មានច្រើននោះទេ ហើយការចំណាយអី្វក៏ដោយឱ្យតែដល់ដៃប្រជាពលរដ្ឋគឺអត់គិតច្រើនតិចទេ គឺធ្វើយ៉ាងណាដល់ដៃប្រជាពលរដ្ឋត្រូវបញ្ចេញជូនគាត់។ ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិតបានអះអាងថា នេះគឺជាគោលនយោបាយដែលបានអនុវត្ដន៍កន្លងទៅដោយសម្ដេចតេជោ ហ៊ុន សែន ហើយគោលនយោបាយដឹកនាំថ្មីរបស់រាជរដ្ឋាភិបាលថ្មី គឺនៅតែបន្ដដដែល។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្នុងការដឹកជញ្ជូនបងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋនៅថ្ងៃបុណ្យទានមួយពេលៗក្នុងមួយឆ្នាំ រដ្ឋបានចំណាយថវិកាប្រមាណជាង៦០ ម៉ឺនដុល្លារអាម៉េរិក។ ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្រ្ដីថ្លែងបញ្ជាក់ថា៖ «យើងគ្រាន់តែគិតចំណាយក្នុងមួយពេលៗដឹក រដ្ឋគ្រាន់តែធានាថាដឹកប្រជាពលរដ្ឋក្នុងមួយជើងៗ គឺចំណាយថវិកាជាង៦០ដុល្លារ ក្នុងការដឹកទៅដឹកមកក្នុងមួយឆ្នាំ»។
ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញសូមត្រៀមរថយន្តក្រុងទៀតសម្រាប់ដឹកបងប្អូនកម្មករ កម្មការិនីទៅស្រុកទៅលេងភ្ជុំបិណ្ឌឱ្យសប្បាយក្នុងឆ្នាំនេះ។ ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិតបានបន្ថែមថា៖ «ឡានក្រុងឥឡូវសុទ្ធតែទំនើបមានម៉ាស៊ីត្រជាក់ដូចជាថ្ងៃមុនទៅថ្ងៃបោះឆ្នោតដឹកបងប្អូនកម្មករទាំងទៅទាំងមករាប់រយគ្រឿងឯណោះ ហើយការចំណាយសម្រាប់បងប្អូនប្រជាពលរដ្ឋអត់មានច្រើនទេ»។
ឯកឧត្តកិត្ដិទេសាភិបាលបណ្ឌិតក៏បានលើកឡើងពីភាពជាក់ស្តែងកាលពីនៅក្នុងពេលជំនាន់កូវីដវាយលុកដោយគូសបញ្ជាក់ផងដែរថា សម្រាប់ថវិកាដែលរាជរដ្ឋាភិបាលសន្សំទុកដើម្បីធ្វើផ្លូវ ស្ពាន និងធ្វើអ្វីផ្សេងទៀតបានជាង២ ឬ៣ពាន់លានដុល្លារ តែត្រូវយកថវិកាទាំងនេះ មកចំណាយសម្រាប់ជួយជីវិតប្រជាពលរដ្ឋដោយមិនមានការសោកស្តាយអ្វីឡើយ។
ក្នុងឱកាសនោះដែរ ឯកឧត្តមនាយករដ្ឋមន្ត្រីក៏បានប្រកាសឱ្យដឹងផងដែរថា ការចរចាប្រាក់ឈ្នួលអប្បបរមា កម្មករ និយោជិត សម្រាប់ឆ្នាំ២០២៤ នឹងដឹងលទ្ធផលនៅមុនថ្ងៃភ្ជុំបិណ្ឌ។