ការចេញលក់ផលិតផល របស់ Apple នៅខែក្រោយនេះ គឺខែកញ្ញា ជាក់លាក់ក្នុងការបញ្ចេញ iPhone ស៊េរីថ្មី ហើយពាក្យចចាមអារ៉ាមនិយាយថាទូរស័ព្ទ iPhone 15 អាចសាកបញ្ចូលថ្មលឿនជាងម៉ូដែលមុនៗ។
យោងតាម 9to5Mac ដែលជាវេបសាយ បច្ចេកវិទ្យាដែលមានអ្នកតាមដានយ៉ាងច្រើន បានឱ្យដឹងថា ពាក្យចចាមអារ៉ាមរបស់ Apple គឺទូរស័ព្ទ iPhone ស៊េរីបន្ទាប់នឹងប្តូរពីរន្ធសាកថ្ម Lightning ទៅជា USB-C ហើយយ៉ាងហោចណាស់ម៉ូដែលមួយចំនួននឹងបំពាក់បច្ចេកវិទ្យា សាកថ្មលឿន fast-charging ផងដែរ។
ទូរស័ព្ទ iPhone 15 អាចប្រើជាមួយឆ្នាំងសាក 35 វ៉ាត់ ដែលអនុញ្ញាតឱ្យឧបករណ៍នេះសាកបានលឿនជាងមុន។ Apple ណែនាំអ្នកប្រើប្រាស់ iPhone 14 Pro និង Pro Max ជៀសវាងការសាកជាមួយឆ្នាំងសាកដែលមានខ្សែលើសពី 27 វ៉ាត់ ហើយអ្នកប្រើប្រាស់ iPhone 14 កំណត់ឆ្នាំងសាករបស់ពួកគេត្រឹម 20 វ៉ាត់។ ឆ្នាំងសាក 20 វ៉ាត់ អាចផ្តល់ថាមពលពេញ iPhone 14 ក្នុងរយៈពេលមួយម៉ោង។ យ៉ាងណាមិញ ល្បឿនសាករបស់ឆ្នាំងសាក 35 វ៉ាត់ គឺមិនទាន់ច្បាស់លាស់ថានឹងចំណាយពេលប៉ុន្មានម៉ោងដើម្បីសាកពេញ នៅពេលប្រើជាមួយ iPhone 15។
ទោះបីជាមានថាមពល 35 វ៉ាត់ក៏ដោយ ទូរស័ព្ទ iPhone 15 នឹងនៅតែអាចសាកថ្មបានយឺតជាងម៉ូដែលស្មាតហ្វូនប្រកួតប្រជែងដូចជា Galaxy S23 Series របស់ Samsung ដែលជាទូរស័ព្ទដែលមានសមត្ថភាពបញ្ជូន “ការសាកថ្មលឿន” ជាមួយនឹងឆ្នាំងសាកពិសេស 45 វ៉ាត់។ ទោះបីជា Apple បានតាមពីក្រោយក្នុងមុខងារសាកថ្មក៏ដោយ ក៏ផលិតផលរបស់ក្រុមហ៊ុននេះនៅតែមានថាមពលថ្មដ៏គួរឱ្យចាប់អារម្មណ៍៕