កម្មវិធីបណ្តាញសង្គម TikTok កំពុងផ្អាកសេវាកម្មទិញទំនិញអនឡាញរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីអនុវត្តតាមច្បាប់ថ្មីនៅក្នុង ប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ។ រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា បទប្បញ្ញត្តិនេះមានគោលបំណងជួយការពារអ្នកលក់រាយតាមអនឡាញ នៅក្នុងស្រុក។ ឥណ្ឌូណេស៊ី គឺជាប្រទេសដំបូងគេដែលសាកល្បងសេវាកម្ម e-commerce ក្នុងឆ្នាំ 2021 ហើយបានក្លាយជាទីផ្សារដ៏ធំបំផុតមួយសម្រាប់ TikTok Shop ។
កាលពីសប្តាហ៍មុន ប្រទេសឥណ្ឌូនេស៊ី បានប្រកាសបទប្បញ្ញត្តិដែលនឹងបង្ខំ TikTok បំបែកមុខងារទិញទំនិញរបស់ខ្លួន ចេញពីសេវាកម្ម App។ ដោយប្រកាសពីវិធានការនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី Zulkifli Hasan បាននិយាយថា៖ “ឥឡូវនេះ ពាណិជ្ជកម្មអេឡិចត្រូនិកមិនអាចក្លាយទៅជាប្រព័ន្ធផ្សព្វផ្សាយសង្គមបានទេ។ វាត្រូវបំបែកចេញ”។ លោកបានប្រាប់ ប្រព័ន្ធផ្សព្វផ្សាយសង្គមថា ពួកគេមានពេលមួយសប្តាហ៍ដើម្បីអនុវត្តតាមច្បាប់ថ្មី ឬប្រថុយនឹងការបាត់បង់អាជ្ញាប័ណ្ណដើម្បីធ្វើប្រតិបត្តិការនៅក្នុងប្រទេស។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បាននិយាយកាលពីខែមុនថា “យើងត្រូវប្រុងប្រយ័ត្នជាមួយ e-commerce ។ វាអាចល្អណាស់ប្រសិនបើមានបទប្បញ្ញត្តិ ប៉ុន្តែអាចប្រែទៅជាអាក្រក់ប្រសិនបើមិនមានបទប្បញ្ញត្តិណាមួយជាក់លាក់”។
TikTok បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា “អាទិភាពរបស់យើងគឺរក្សាការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិក្នុងស្រុក” ។ TikTok បានបន្ថែមថា៖ “ដូច្នេះ យើងនឹងលែងជួយសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកក្នុង TikTok Shop Indonesia ទៀតហើយ” ។ ការលក់រាយតាមអ៊ីនធឺណិតក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យោងតាមធនាគារកណ្តាលរបស់ប្រទេសនេះ បានឱ្យដឹងថា តម្លៃនៃការលក់ e-commerce នឹងកើនឡើងច្រើនជាង 6 ដងនៅចន្លោះឆ្នាំ 2018 និងឆ្នាំ 2024 រហូតដល់ 44 ពាន់លានដុល្លារអាមេរិក៕