ជាថ្មីម្តងទៀត Facebook បានរកឃើញថាខ្លួន កំពុងត្រូវបានវាយប្រហារដោយអតីតប្រធានាធិបតី អាមេរិក Donald Trump ។ ឥទ្ធិពលនៃការវាយប្រហារបស់លោក Trump ទៅលើបណ្តាញសង្គមយក្ស Facebook បានធ្វើអោយភាគហ៊ុនរបស់ ក្រុមហ៊ុននេះធ្លាក់ចុះ កាលពីពេលថ្មីៗនេះ។
Meta Platforms (META) ដែលជាម្ចាស់ Facebook និងប្រៀបបានដូចជាតារាមួយដួងនៃការប្រមូលផ្តុំទីផ្សារនាពេលថ្មីៗនេះបានធ្លាក់ចុះភាគហ៊ុនប្រហែល 4 ភាគរយ នៅថ្ងៃច័ន្ទនេះ បន្ទាប់ពី Trump បានផ្តល់បទសម្ភាសន៍ទៅកាន់ស្ថានីយទូរទស្សន៍ CNBC ហើយបានប្រសិទ្ធនាម Facebook ថា “ជាសត្រូវរបស់ប្រជាជន”។ ភាគហ៊ុន Meta ក៏បានដកថយ 1.2 ភាគរយ កាលពីថ្ងៃសុក្រកន្លងទៅ បន្ទាប់ពីការបង្ហោះរបស់លោក Trump នៅលើ Truth Social ដែលអតីតប្រធានាធិបតីបានរិះគន់ Facebook ថាជា “សត្រូវពិតរបស់ប្រជាជន!”
ការវាយតម្លៃទីផ្សាររបស់ Meta បានធ្លាក់ចុះជាង 60 ពាន់លានដុល្លារចាប់តាំងពីការវាយប្រហាររបស់លោក Trump បានចាប់ផ្តើមកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ មិនមានព័ត៌មានសំខាន់ណាមួយលេចឡើងដើម្បីជំរុញការលក់ភាគហ៊ុនរបស់ Meta នោះទេ ក្រៅពីការថ្កោលទោសពីអតីតប្រធានាធិបតី និងអាចជាអនាគតប្រធានាធិបតីនៃសហរដ្ឋអាមេរិកជាថ្មីម្តងទៀត។
លោក Gil Luria អ្នកវិភាគនៅ D.A. Davidson បានប្រាប់ CNNថា “Facebook បានឆ្លងកាត់រលកនៃការអូសទាញចូលទៅក្នុងការពិភាក្សានយោបាយ ហើយវាមិនដែលល្អសម្រាប់ពួកគេទេ”។
Trump បានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលកាលពីសប្តាហ៍មុនដោយការផ្លាស់ប្តូរជំហររបស់លោក នៅលើ TikTok ហើយចេញមកប្រឆាំងនឹងការហាមឃាត់ TikTok ដែលមនុស្សជាច្រើននៅក្នុងសភា រួមទាំងគណបក្សសាធារណរដ្ឋជាច្រើនកំពុងជំរុញវិធានការនេះ។
លោក Trump បានប្រាប់ CNBC នៅព្រឹកថ្ងៃច័ន្ទថា “អ្វីដែលខ្ញុំមិនចូលចិត្តនោះគឺថាបើគ្មាន TikTok អ្នកអាចធ្វើឱ្យ Facebook កាន់តែធំ ហើយខ្ញុំចាត់ទុក Facebook ជាសត្រូវរបស់ប្រជាជន រួមជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយជាច្រើន”។
គួររំលឹកថា Facebook បានដាក់បម្រាមរយៈពេលពីរឆ្នាំលើលោក Trump បន្ទាប់ពីកុបកម្មនៅវិមាន កាពីតូល កាលពីថ្ងៃទី 6 ខែមករា ឆ្នាំ 2021។ Meta បានដាក់បញ្ចូលគណនី Facebook និង Instagram របស់ Trump ឡើងវិញក្នុងខែកុម្ភៈ ឆ្នាំ 2023។