fbpx

លោកជំទាវអនុរដ្ឋលេខាធិការ ហ៊ូ សុពណ៌ អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យ អន្តរាគមន៍ និងវាយតម្លៃផលប៉ះពាល់នៃការបំផ្លាញរបស់ដង្កូវមូរស្លឹកលើដំណាំស្រូវ នៅខេត្តព្រះសីហនុ

អត្ថបទដោយ រាជ មេសា
92 views

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ចុះពិនិត្យ អន្តរាគមន៍ និងវាយតម្លៃផលប៉ះពាល់នៃការបំផ្លាញរបស់ដង្កូវមូរស្លឹកលើដំណាំស្រូវ នៅខេត្តព្រះសីហនុ ដោយមានការអមដំណើរពីលោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម លោកអភិបាលរងស្រុកព្រៃនប់ អាជ្ញាធរឃុំ និងតំណាងក្រុមហ៊ុនអង្គរធំ អេហ្រ្គីខលឈ័រ (ក្រុមហ៊ុនថ្នាំកសិកម្ម)។

នៅខេត្តព្រះសីហនុ បញ្ហាដង្កូវមូរស្លឹកកើតមាននៅក្នុងស្រុកព្រៃនប់តែមួយប៉ុណ្ណោះ។ ចាប់ពីថ្ងៃទី១២-១៥ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរកសិកម្មបានចុះអន្តរាគមន៍កម្ចាត់ដង្កូវមូរស្លឹកលើផ្ទៃដីចំនួន ៦៥០ហិកតា ស្មើនឹង ៤៦៧គ្រួសារ ដោយផ្តល់ថ្នាំកម្ចាត់ដង្កូវដល់ប្រជាកសិករ ដោយឥតគិតថ្លៃ នៅក្នុងឃុំចំនួន៧ នៃស្រុកព្រៃនប់ រួមមាន ឃុំទឹកថ្លា ឃុំអូរឧកញ៉ាហេង ឃុំទួលទទឹង ឃុំបឹងតាព្រហ្ម ឃុំព្រៃនប់ ឃុំអូរជ្រៅ និងឃុំសាមគ្គី។

ជាមួយគ្នានោះដែរ លោកជំទាវក៏បានអំពាវនាវឱ្យប្រជាកសិករទាំងអស់ បន្តចុះពិនិត្យស្រែជាប្រចាំ។ ក្នុងករណីជួបប្រទះដង្កូវបំផ្លាញ ឬបញ្ហាផ្សេងៗ ប្រជាកសិករត្រូវប្រញាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីផ្តល់ការណែនាំបច្ចេកទេស ឬរបៀបនៃការប្រើប្រាស់ថ្នាំបាញ់សម្លាប់ដង្កូវឱ្យបានទាន់ពេលវេលា។

តាមរយៈការចុះអន្តរាគមន៍ពីសំណាក់ថ្នាក់ដឹកនាំនិងមន្ដ្រីជំនាញទាំងអស់ លោកជំទាវ ហ៊ូ សុពណ៌ មានសុទិដ្ឋិនិយមថា ស្រែដែលដង្កូវបានវាយប្រហារនោះ នឹងមានសភាពល្អប្រសើរធម្មតាឡើងវិញនាពេលដ៏ឆាប់ខាងមុខនេះ៕

អត្ថបទពាក់ព័ន្ធ