fbpx

ទិវានៃក្តីស្រឡាញ់ ក្រសួងកសិកម្ម រៀបចំឱ្យមានការដាក់តាំងលក់ផលិតផលកសិកម្ម និងបន្លែសុវត្ថិភាព

អត្ថបទដោយ ពិទូ
114 views

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំឱ្យមានការដាក់តាំង លក់ផលិតផលកសិកម្ម ជាពិសេសបន្លែសុវត្ថិភាព និងសរីរាង្គ នៅមុខបរិវេណក្រសួង។

នេះជាឆ្នាំទី២ហើយ ដែលក្រសួងរៀបចំកម្មវិធីនេះឡើង ដោយមានស្តង់ចូលរួមចំនួន ២១ស្តង់។ ចំនួននេះកើនឡើងជាងឆ្នាំមុន បន្ទាប់ពីទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទៅ និងសំណូមពរពីសហគ្រាស កសិដ្ឋាន ដែលដាំដុះ និងផលិតកែច្នៃផលិតផលកសិកម្ម។

គោលដៅនៃការដាក់តាំងលក់នេះ គឺដើម្បីឱ្យប្រជាពលរដ្ឋទូទៅងាកមកចាប់អារម្មណ៍ផលិតផលកសិកម្មរបស់ខ្មែរ ដែលមានគុណភាព និងសុវត្ថិភាព ជាពិសេសផ្តល់ជាជម្រើសសម្រាប់ប្រជាពលរដ្ឋទិញបន្លែសុវត្ថិភាព ជូនចំពោះមនុស្សជាទីស្រឡាញ់។

ការផ្តល់ជូនបាច់បន្លែឬកន្ត្រកបន្លែសុវត្ថិភាពជំនួសបាច់ផ្កា មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកទិញជូនដល់អ្នកទទួលប៉ុណ្ណោះទេ តែវាក៏បង្ហាញពីការគាំទ្រ និងលើកទឹកចិត្តដល់ប្រជាកសិករ ដែលខិតខំប្រឹងប្រែងដាំដុះបន្លែ កសិដ្ឋានចិញ្ចឹមសត្វ ព្រមទាំងសហគ្រាសកែច្នៃផលិតផលកសិកម្មឱ្យមានគុណភាព និងសុវត្ថិភាព សម្រាប់បម្រើដល់តម្រូវការប្រជាពលរដ្ឋទូទៅ ពិសេសធានាបាននូវសុវត្ថិភាព និងសុខុមាលភាពអ្នកបរិភោគ៕

អត្ថបទពាក់ព័ន្ធ