fbpx

វៀតណាម បេ្តជ្ញាបន្តប្រឆាំងអំពើពុករលួយ សម្រាប់រយៈពេលវែង​ ដែលមានឥទ្ធិពលដល់សេដ្ឋកិច្ចរបស់ប្រទេស

អត្ថបទដោយ ពិទូ
144 views

មេដឹកនាំកំពូលរបស់ប្រទេសវៀតណាមបានប្តេជ្ញាថានឹងបន្តយុទ្ធនាការប្រឆាំងអំពើពុករលួយ សម្រាប់រយៈពេលវែង ដែលមានឥទ្ធិពលដល់សេដ្ឋកិច្ចរបស់ប្រទេស បន្ទាប់ពីប៉ូលីសបានបង្ហាញរឿងអាស្រូវហិរញ្ញវត្ថុនៅក្នុងវិស័យអចលនទ្រព្យដែលមានតម្លៃលើសពី 3 ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។

យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយបានដំណើរការតាំងពីឆ្នាំ 2016 ប៉ុន្តែមានសន្ទុះអនុវត្តខ្លាំងកាលពីឆ្នាំមុន បន្ទាប់ពីអាជ្ញាធរក្នុងប្រទេស បានបង្រ្កាបករណីក្លែងបន្លំ និងអំពើពុករលួយដ៏ល្បីជាច្រើនដែលពាក់ព័ន្ធនឹងនាយកប្រតិបត្តិសាជីវកម្មកំពូល និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋ។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បាននិយាយនៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ2023 ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅល្ងាចថ្ងៃនោះថា “យើងត្រូវធ្វើការប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យបានលឿន និងអនុវត្តអោយកាន់តែមានប្រសិទ្ធភាព”។ លោក​បាន​បន្ត​ថា​ “​យើង​នឹង​មិន​ឈប់​នៅ​ទីនេះ​ទេ ប៉ុន្តែ​នឹង​បន្ត​រយៈពេល​វែង​”​។

ការកត់សម្គាល់របស់លោក Trong បានកើតឡើងបន្ទាប់ពីប៉ូលីសបានប្រកាសលទ្ធផលនៃការស៊ើបអង្កេតរយៈពេលជាច្រើនខែទៅលើរឿងអាស្រូវហិរញ្ញវត្ថុចំនួនពីរ ដោយបង្ហាញជាលើកដំបូងអំពីទំហំនៃការក្លែងបន្លំដែលមានតម្លៃសរុបចំនួន 12.8 ពាន់លានដុល្លារអាមេរិក ឬ 3.2 ភាគរយនៃសេដ្ឋកិច្ចរបស់ប្រទេស។

នៅក្នុងរឿងអាស្រូវដ៏ធំបំផុតក្នុងចំណោមរឿងអាស្រូវទាំងពីរនេះ លោកស្រី Truong My Lan ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat Holdings Group និងបក្ខពួករបស់នាងបានកិបកេងប្រាក់ចំនួន 12.54 ពាន់លានដុល្លារ ពីធនាគារ Saigon Joint Stock Commercial Bank។ នេះបើយោងតាមការស៊ើបអង្កេតលទ្ធផល ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ កន្លងទៅ។

ករណីនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅពេលដែល​ លោកស្រី Lan ត្រូវបានចាប់ខ្លួនកាលពីខែតុលា ឆ្នាំមុន ដែលនាំឱ្យមានវិបត្តិក្នុងវិស័យអចលនទ្រព្យ និងទីផ្សារមូលបត្របំណុលសាជីវកម្ម ដែលនាងត្រូវបានគេចោទប្រកាន់ថាបាន ប្រព្រឹត្តទង្វើផ្ទុយពីច្បាប់ដែលបានចែង៕

អត្ថបទពាក់ព័ន្ធ