វៀតណាម បានវ៉ាដាច់ឈីលី ក្លាយជាប្រទេសនាំចេញផ្លែឈើ និងបន្លែធំជាងគេទីពីរទៅកាន់ប្រទេសចិនក្នុងឆ្នាំ 2023 ដោយសារការកើនឡើងនៃការនាំចេញទុរេន។ ការនាំចូលបន្លែ និងផ្លែឈើសរុបរបស់ចិនបានកើនឡើងដល់ ជាង 24ពាន់លានដុល្លារកាលពីឆ្នាំមុន។ ប្រទេសវៀតណាម បានឃើញចំណែកទីផ្សាររបស់ខ្លួនកើនឡើងពី 8 ភាគរយ ក្នុងឆ្នាំ 2022 ដល់ 14 ភាគរយ ក្នុងឆ្នាំ 2023 ខណៈដែលប្រទេសជាប់កម្ពុជាមួយនេះបានវ៉ាដាច់ ប្រទេសឈីលី ដែលកាន់កាប់តំណែងទីពីរជាយូរមកហើយ។
លោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាមបានមានប្រសាសន៍ថា ក្រៅពីការកើនឡើងគួរឱ្យកត់សម្គាល់នៃការនាំចេញទុរេន ទៅកាន់ប្រទេសចិន ការកើនឡើងនៃការនាំចូលផ្លែឈើ និងបន្លែកែច្នៃពីវៀតណាមក៏ជាកត្តារួមផ្សំផងដែរ។
នៅឆ្នាំ 2024នេះ ការនាំចេញទុរេន ផ្លែបឺរ និងដូងជាផ្លូវការទៅកាន់ប្រទេសចិន ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត។ ក្រៅពីការផ្គត់ផ្គង់ដ៏ច្រើន វៀតណាមក៏មានប្រៀបជាងគូប្រជែងដូចជាថៃ និងឈីលីដែរក្នុងលក្ខខណ្ឌនៃការចំណាយ និងពេលវេលានៃការដឹកជញ្ជូន។
ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន Xi Jinping ទៅកាន់ប្រទេសវៀតណាម នាពេលថ្មីៗនេះ ភាគីចិនបានប្រកាសផែនការបើកទីផ្សារទៅកាន់ផលិតផលកសិកម្មរបស់វៀតណាមបន្ថែមទៀត រួមមាន ដូងស្រស់ ផលិតផលផ្លែឈើកក ផ្លែក្រូច ផ្លែប័រ និងផ្លែប៉ោម។ ដំណើរទស្សនកិច្ចនេះក៏នាំឱ្យមានការចុះហត្ថលេខាស្តីពីការនាំចេញផ្លែឪឡឹក រវាងប្រជាជាតិទាំងពីរ។
ការនាំចេញផ្លែឈើ និងបន្លែសរុបរបស់វៀតណាមក្នុងឆ្នាំ 2023 មានតម្លៃ 5.6 ពាន់លានដុល្លារ កើនឡើង 80ភាគរយ ធៀបនឹងឆ្នាំមុន។ ប្រទេសចិនបានបន្តជាទីផ្សារធំបំផុតដែលមានចំនួន 60ភាគរយ នៃតួលេខនោះ៕