fbpx

កម្ពុជា រកឃើញគ្រាប់បែក ប្រភេទ MK-82 សល់ពីសម័យសង្គ្រាម នៅតំបន់សមុទ្រ ក្នុងខេត្តព្រះសីហនុ

អត្ថបទដោយ ពិទូ
168 views

មន្ត្រីជំនាញរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានរំដោះគ្រាប់បែកប្រភេទ MK-82 ផលិតដោយសហរដ្ឋអាមេរិក ពីសម័យសង្គ្រាម ដោយសុវត្ថិភាព ចេញពីតំបន់សមុទ្រ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ អគ្គនាយក CMAC ឯកឧត្តម ហេង រតនា បាននិយាយថា ក្រុមអ្នកជំនាញការកម្ចាត់អាវុធជាតិផ្ទុះ (EOD) បានរកឃើញគ្រាប់បែកមិនទាន់ផ្ទុះ ហើយបានដឹកជញ្ជូនដោយសុវត្ថិភាពទៅកាន់មជ្ឈមណ្ឌលកំចាត់មីនរបស់ CMAC កាលពីថ្ងៃច័ន្ទ កន្លងទៅថ្មីៗនេះ។

ឯកឧត្តម ហេង រតនា បាននិយាយនៅក្នុងសារបង្ហោះនៅលើហ្វេសប៊ុកថា “គ្រាប់បែកនេះមានអាយុកាលជាង 50 ឆ្នាំមកហើយ ប៉ុន្តែវានៅតែស្ថិតក្នុងរូបរាង និងគុណភាពល្អនៅឡើយ។ គ្រាប់បែកអាកាស MK-82 ដែលបានរកឃើញមានទម្ងន់ប្រហែល 230 គីឡូក្រាម”។ បើតាមមន្ត្រីជំនាញរបស់ CMAC បានបញ្ជាក់ថា នៅដើមខែមីនា ឆ្នាំ 2024 ក្រុមការងារជំនាញ EOD ក៏បានរកឃើញ និងដកយកគ្រាប់បែកប្រភេទ MK-82 ចំនួន 3 គ្រាប់ នៅខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។

ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាលទ្ធផលនៃសង្គ្រាម និងជម្លោះផ្ទៃក្នុងរយៈពេលបីទសវត្សរ៍ ចាប់ពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ 1960 ដល់ឆ្នាំ 1998។ តាមការប៉ាន់ស្មានមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះផ្សេងទៀតដែលនៅសេសសល់ពី 4 ទៅ 6 លានគ្រាប់។ យោងតាមឯកសារពីសាកលវិទ្យាល័យ Yale នៅចន្លោះឆ្នាំ 1965 ដល់ឆ្នាំ 1973 សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកប្រមាណ 230.516 គ្រាប់លើទីតាំងចំនួន 113.716 កន្លែង ក្នុងប្រទេសកម្ពុជា៕

អត្ថបទពាក់ព័ន្ធ