fbpx

ហេតុអ្វីបានជាត្រូវធ្វើការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន?

អត្ថបទដោយ រាជ មេសា
104 views

ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង-ស្ថាប័ន គឺជាការងារអាទិភាពមួយ របស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ សម្រាប់អាណត្តិទី៧ នៃរដ្ឋសភា។ បន្ទាប់ពីកិច្ចប្រជុំ គ.វ.រ. កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន បានអនុវត្តការងារសំខាន់ៗជាច្រើនដែលឆ្លើយតបការដល់វិធានការគន្លឹះទាំង៣ ដែលបានដាក់ចេញ។ ទន្ទឹមនោះ ការងារពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ជាកិច្ចការអាទិភាពមួយទៀត ដែលក្រសួងបានសិក្សា រៀបចំជាបន្តបន្ទាប់ រហូតឈានដល់ការរៀបចំវគ្គបណ្តុះបណ្តាលជូនដល់ក្រសួង ស្ថាប័ននាពេលនេះ។


តាមរយៈសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញកាលពីថ្ងៃ២១ ខែឧសភា ឆ្នាំ២០២៤ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន មានគោលបំណងលើក កម្ពស់ដំណើរការនៃក្រសួង ស្ថាប័ន ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងក្របខណ្ឌនៃការបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ ការងារនេះរៀបចំឡើងដើម្បី៖ (១) ធានាបានថាមុខងាររបស់ក្រសួង ស្ថាប័នត្រូវបានអនុវត្តដោយត្រឹមត្រូវ និងសមស្របគាំទ្រ ដល់ការសម្រេចគោលបំណងនៃបេសកកម្មរបស់ក្រសួង ស្ថាប័ន។ (២) វាយតម្លៃសមត្ថភាពគន្លឹះដែលចាំបាច់របស់ក្រសួង ស្ថាប័ន និងវិសាលភាពនៃការងារដែល។ (៣) ត្រូវអនុវត្ត ដើម្បីគាំទ្រការលើកកម្ពស់សមត្ថភាពនេះ។ (៤) ពិនិត្យឡើងវិញតួនាទី និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ព្រមទាំងដែនកំណត់នៃសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួង ស្ថាប័ន។ (៥) វាយតម្លៃប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនៃសកម្មភាពរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោម ឱវាទ ដែលបានឬនឹងត្រូវបំពេញ ពិនិត្យឡើងវិញជម្រើសទាំងឡាយនៃការផ្តល់សេវា និងធានាថាសកម្មភាពរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទ ដែលត្រូវអនុវត្តមានលក្ខណៈសមស្របជាមួយជម្រើសនោះ។ (៦) ធានាថាសកម្មភាពនិងធនធានរបស់ក្រសួង ស្ថាប័ន ដែលត្រូវប្រើប្រាស់ឆ្លើយតបនឹង គោលបំណងនៃសេវា និងអ្នកប្រើប្រាស់សេវា។


នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវមូលហេតុ និងភាពចាំបាច់ដែលនាំឱ្យមានការបន្តកិច្ចការនេះ ដោយឯកឧត្តមបានបញ្ជាក់ថា នេះមិនមែនជាការថ្មីនោះទេ តែជាការបន្តអនុវត្តការងារស្របតាមបរិបទតម្រូវជាក់ស្តែង ដើម្បីរៀបចំផ្ទះរបស់យើងកាន់តែស្អាត និងធានានិរន្តរភាព ភាពធន់ ក៏ដូចជាវិបុលភាព នៃប្រព័ន្ធរដ្ឋបាលសាធារណៈ ក្នុងដំណើរដ៏ស្វាហាប់ឆ្ពោះទៅមុខ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរម្លឹកនូវសាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា យើងបានសម្រេចការងារ និងទទួលបាននូវលទ្ធផលជាច្រើនកន្លងមកហើយ តែពេលនេះជាពេលត្រួតពិនិត្យ និងកែលម្អបន្ថែម ប្រៀបដូចជាការត្រួតពិនិត្យបច្ចេកទេសយានយន្តដូច្នេះដែរ ដើម្បីជាមូលដ្ឋាន សម្រាប់ការធ្វើដំណើរឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់ មោះមុត និងស្វាហាប់។

បន្ថែមលើនេះ ភាពចាំបាច់នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន គឺជាការខិតខំប្រឹងប្រែងដោះស្រាយបញ្ហានូវភាពមិនច្បាស់លាស់ ឬការត្រួតជាន់គ្នានៃមុខងារ និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួងស្ថាប័ន, ភាពខ្វះចន្លោះនៃការធ្វើអាទិភាវូបនីយកម្ម ឈរលើមូលដ្ឋាននៃធនធានមនុស្ស របស់ក្រសួងស្ថាប័ន,  ភាពស្មុគស្មាញ និងបញ្ហាលំបាកនៅក្នុងអន្តរទំនាក់ទំនងរវាងក្រសួង ស្ថាប័ន, បញ្ហាអសង្គតិភាព ឬភាពមិនរលូន និងប្រទាក់ក្រឡា នែការកំណត់សមត្ថកិច្ចរបស់ក្រសួង ស្ថាប័ន, បណ្តឹងតវ៉ា និងភាពមិនពេញចិត្តពីភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់សេវា ចំពោះកម្រិតគុណភាពនៃសេវា ដែលផ្តល់ដោយក្រសួង ស្ថាប័ន, និងផលប៉ះពាល់នៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងការអនុវត្តការងារ និងសកម្មភាពទាំងឡាយរបស់ក្រសួង ស្ថាប័នជាដើម។

សូមបញ្ជាក់ថា ក្នុងនាមលេខាធិការដ្ឋាន គ.វ.រ. ក្រសួងមុខងារសាធារណៈ ត្រូវសម្របសម្រួលការអនុវត្តឱ្យបានចប់សព្វគ្រប់នូវការពិនិត្យឡើងវិញរចនាសម្ព័ន្ធ និងការវិភាគមុខងាររបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។ ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមិនបានអនុវត្តការពិនិត្យឡើងវិញរចនាសម្ព័ន្ធ និងការវិភាគមុខងារ មិនត្រូវបានអនុញ្ញាតឱ្យជ្រើសរើសមន្រ្តីរាជការស៊ីវិលឡើយ។

អត្ថបទពាក់ព័ន្ធ