fbpx

នាយកដ្ឋានកសិ-ឧស្សាហកម្ម បានចូលរួមកម្មវិធី “ការភ្ជាប់ស្រ្តីទៅកាន់ពិភពកាលានុវត្តភាព ឆ្នាំ២០២៤”

អត្ថបទដោយ ពិទូ
135 views

លោកស្រី គង់ វួចស៊ីម អនុប្រធានការិយាល័យអភិវឌ្ឍន៍កសិ-ឧស្សាហកម្ម នៃនាយកដ្ឋានកសិ-ឧស្សាហកម្ម បានចូលរួមកម្មវិធី “ការភ្ជាប់ស្រ្តីទៅកាន់ពិភពកាលានុវត្តភាព ឆ្នាំ២០២៤” Linking Women to the World of Opportunity ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមក្រោមអធិបតីយភាព លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងារយេនឌ័រ និងកុមារក្រសួងកសិកម្ម កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាង ក្រសួងកិច្ចការនារី និងកម្មវិធីអាហារូបករណ៍អូស្ត្រាលីនៅកម្ពុជា (Australia Awards Scholarship) តាមរយៈស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ លើកទឹកចិត្ត និងបង្កើនចំនួនស្រ្តីជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការមកពីក្រសួង-ស្ថាប័ន ទាំងក្នុងវិស័យសាធារណៈ និងឯកជនឱ្យដាក់ពាក្យប្រកួតប្រជែងយកអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅតាមបណ្តាសកលវិទ្យាល័យនានាក្នុងប្រទេសអូស្រ្តាលី។

ជាមួយគ្នានឹងវេទិកាដ៏មានសារ:សំខាន់នេះដែរ លោកស្រី គង់ វួចស៊ីម ដែលជាអតីតនិស្សិតទទួលបានអាហារូបករណ៍អូស្រ្តាលីឆ្នាំ២០១៥ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញវិទ្យាសាស្រ្តចំណីអាហារ (MSc. in Food Science) មកពីសាកលវិទ្យាល័យមែលប៊ន (The university of Melbourne) ក្នុងឆ្នាំ២០១៧ បានចូលរួមកិច្ចពិភាក្សាតុមូល (Panel Discussion) ដើម្បីចែករំលែកបទពិសោធន៍អំពីការដាក់អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី ការផ្លាស់ប្តូរបទពិសោធន៍នៃការសិក្សា ការរស់នៅ ការភ្ជាប់ចំណេះ និងជំនាញជាមួយនឹងការចូលរួមចំណែកដល់ការអភិវឌ្ឍកសិកម្មនៅប្រទេសកម្ពុជា និងមានជាសំណួរ ចម្លើយ គន្លឹះសំខាន់ៗជាច្រើនទៀតក្នុងកិច្ចពិភាក្សា៕

អត្ថបទពាក់ព័ន្ធ